ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) បានលើកឡើងថា សម្ព័ន្ធមិត្តយោធាមួយនេះ នឹងមានឆន្ទៈក្នុងការដើរតួនាទី ក្នុងបេសកកម្មដែលអាចកើតមាន នៅច្រកសមុទ្រ Hormuz ប្រសិនបើខ្លួនអាចធ្វើដូច្នេះបាន។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Rutte បាននិយាយថា៖ «ប្រសិនបើអង្គការណាតូអាចជួយបាន ច្បាស់ណាស់ គ្មានហេតុផលណាដែលមិនជួយនោះឡើយ»។
អ្នកការទូតអឺរ៉ុប ២រូប បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា លោក Rutte បានជម្រាបជូនដល់រដ្ឋាភិបាលនានាថា ប្រធានាធិបតីអាមេរិក លោក Donald Trump ចង់បានការប្តេជ្ញាចិត្តជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ សម្រាប់ជំនួយធានាសុវត្ថិភាព នៅច្រកសមុទ្រ Hormuz។
លោក Rutte បានជួបជាមួយលោក Trump នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ចំពេលមានភាពតានតឹងក្នុងសម្ព័ន្ធមិត្ត ជុំវិញសង្គ្រាមអ៊ីរ៉ង់។ អ្នកការទូតម្នាក់បានបញ្ជាក់ថា៖ «យើងកត់សម្គាល់នូវការខកចិត្ត នៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែពួកគេមិនបានពិគ្រោះជាមួយសម្ព័ន្ធមិត្តទាំងមុន ឬក្រោយពេលចាប់ផ្តើមសង្គ្រាមនេះទេ»។
ប្រធានាធិបតីអាមេរិកបានហៅអង្គការណាតូម្តងហើយម្តងទៀតថា ជា «ខ្លាក្រដាស» ហើយបានគំរាមដកខ្លួនចេញពីសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកដែលមានសមាជិក ៣២ប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអះអាងថា សម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន បានពឹងផ្អែកលើការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក ខណៈពេលដែលផ្តល់ការគាំទ្រមិនគ្រប់គ្រាន់ សម្រាប់យុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល នៅក្នុងប្រទេសអ៊ីរ៉ង់៕

