នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ នៅទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់មេដឹកនាំប្រឆាំងកោះតៃវ៉ាន់ លោកស្រី Cheng Li-wun ថា ប្រជាជននៅអមសងខាងច្រកសមុទ្រតៃវ៉ាន់ គឺជាជនជាតិចិនតែមួយ ហើយអនាគតនៃទំនាក់ទំនង ស្ថិតនៅក្នុងដៃរបស់ប្រជាជនចិន។
លោកស្រី Cheng ដែលជាប្រធានគណបក្សប្រឆាំងធំបំផុតរបស់កោះតៃវ៉ាន់ គឺគណបក្ស Kuomintang (KMT) កំពុងស្ថិតនៅក្នុងប្រទេសចិន ជាដំណើរដែលលោកស្រីហៅថា ជាបេសកកម្មសន្តិភាព ដើម្បីកាត់បន្ថយភាពតានតឹង នៅពេលដែលទីក្រុងប៉េកាំង បានបង្កើនសម្ពាធយោធាលើកោះដែលខ្លួនអះអាងថា ជាទឹកដីរបស់ខ្លួន។

អំឡុងកិច្ចប្រជុំ នៅមហាសាលប្រជាជនចិន លោក ស៊ី បានប្រាប់លោកស្រី Cheng ថា ពិភពលោកសព្វថ្ងៃនេះ មិនមានសន្តិភាពទាំងស្រុងនោះទេ ហើយសន្តិភាព គឺមានតម្លៃណាស់។ នៅក្នុងការអត្ថាធិប្បាយដែលត្រូវបានផ្សាយដោយស្ថានីយ៍ទូរទស្សន៍តៃវ៉ាន់ លោកបានមានប្រសាសន៍ថា៖ «ជនរួមជាតិនៅអមសងខាងច្រកសមុទ្រតៃវ៉ាន់ សុទ្ធតែជាជនជាតិចិន ពោលគឺជាប្រជាជននៃគ្រួសារតែមួយ ដែលចង់បានសន្តិភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ»។
ជាមួយគ្នានេះ លោក ស៊ី ក៏បានសង្កត់ធ្ងន់ផងដែរថា ដោយផ្អែកលើមូលដ្ឋាននយោបាយរួមនៃការប្រឆាំងនឹងការចង់បានឯករាជ្យរបស់កោះតៃវ៉ាន់ ប្រទេសចិនមានឆន្ទៈពង្រឹងការផ្លាស់ប្តូរ និងការសន្ទនារួមគ្នាជាមួយគណបក្សនយោបាយផ្សេងៗ ក្នុងនោះរួមទាំងគណបក្ស KMT ផងដែរ «ដើម្បីគ្រប់គ្រងអនាគតនៃទំនាក់ទំនងឆ្លងច្រកសមុទ្រយ៉ាងរឹងមាំ នៅក្នុងដៃរបស់ប្រជាជនចិនខ្លួនឯង»។
សម្រាប់លោកស្រី Cheng មេដឹកនាំប្រឆាំងរូបនេះបានជម្រាបលោក ស៊ី ថា លោកស្រីសង្ឃឹមថា តាមរយៈកិច្ចប្រឹងប្រែងរបស់ភាគីទាំង២ ច្រកសមុទ្រតៃវ៉ាន់នឹងលែងជាចំណុចកណ្តាលនៃជម្លោះដែលអាចកើតមានទៀតហើយ ហើយប្រាកដជាមិនក្លាយជា «ក្តារអុកសម្រាប់កម្លាំងខាងក្រៅធ្វើអន្តរាគមន៍» នោះទេ៕
