នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង (Min Aung Hlaing) បាននិយាយថា រដ្ឋាភិបាលថ្មីរបស់លោក មានបញ្ហាប្រឈមជាច្រើនដែលត្រូវជម្នះឲ្យបាន ហើយនឹងស្វែងរកការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ និងធ្វើឲ្យទំនាក់ទំនងជាមួយប្លុកអាស៊ីអាគ្នេយ៍ ឬអាស៊ាន មានប្រក្រតីភាពវិញ។
នៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់សភា អតីតមេដឹកនាំយោធារូបនេះ បានបញ្ជាក់ថា សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ គឺជាអាទិភាពរបស់លោក ហើយរដ្ឋាភិបាលរបស់លោក នឹងជំរុញការវិនិយោគបរទេស អភិវឌ្ឍកសិកម្ម និងបង្កើតផែនការយុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយប្រសិទ្ធភាព។

លោក មីន អ៊ុង ឡាំង ត្រូវបានសភាជ្រើសរើសជាប្រធានាធិបតីកាលពី ១សប្តាហ៍មុន ដោយធ្វើឲ្យការគ្រប់គ្រងអំណាចនយោបាយរបស់លោក នៅសហភាពមីយ៉ាន់ម៉ាដែលហែកហួរដោយសង្គ្រាមក្លាយជាផ្លូវការ រយៈពេល ៥ឆ្នាំ បន្ទាប់ពីលោកបានដឹកនាំរដ្ឋប្រហារ ដែលបានធ្វើឲ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងភាពវឹកវរ។
ដំណើរការដែលត្រូវបានរៀបចំយ៉ាងប្រយ័ត្នប្រយែងរបស់លោក ពីតំណែងឧត្តមសេនីយ៍ជាន់ខ្ពស់ ទៅជាប្រធានាធិបតីស៊ីវិល កើតមានឡើងបន្ទាប់ពីមានការបោះឆ្នោតថ្មីៗនេះដែលគណបក្សគាំទ្រដោយកងទ័ពមានជ័យជម្នះ ក្នុងសំឡេងដ៏លើសលប់ ប៉ុន្តែជាអ្វីដែលត្រូវបានអ្នករិះគន់ និងរដ្ឋាភិបាលលោកខាងលិចរិះគន់ ដោយចាត់ទុកថា ជាការក្លែងបន្លំ ដែលត្រូវបានរៀបចំឡើង ដើម្បីបន្តការគ្រប់គ្រងយោធា នៅពីក្រោយប្រជាធិបតេយ្យ។
យ៉ាងណាក្ដី នៅក្នុងសុន្ទរកថាមួយនៅរដ្ឋធានីណៃពិដោ ដែលមានរយៈពេលមិនដល់ ២០នាទី និងមានការចូលរួមពីភ្ញៀវបរទេសជាង ៥០រូប លោក មីន អ៊ុង លាំង បាននិយាយថា៖ «ឥឡូវនេះ សហភាពមីយ៉ាន់ម៉ា កំពុងដើរលើផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែរដ្ឋាភិបាលថ្មី មានបញ្ហាប្រឈមជាច្រើនដែលត្រូវជម្នះឲ្យបាន»៕
