នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា សង្គ្រាមអ៊ីរ៉ង់ត្រូវតែក្លាយជាចំណុចរបត់មួយ សម្រាប់អង់គ្លេស បន្ទាប់ពីមានវិបត្តិ ២ទសវត្សរ៍ ហើយលោកបានសន្យាថា នឹងពង្រឹងសេដ្ឋកិច្ច និងយោធារបស់ប្រទេសនេះ ដើម្បីទប់ទល់នឹងពិភពលោកដែល «ងាយនឹងប្រែប្រួល និងគ្រោះថ្នាក់»។
នៅថ្ងៃទី៧ ខែមេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់ នៅក្នុងជម្លោះអ៊ីរ៉ង់រយៈពេល ៦សប្តាហ៍ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា ទីក្រុងតេអេរ៉ង់ នឹងលុប ការបិទខ្ទប់ច្រកសមុទ្រ Hormuz ស្ទើរតែទាំងស្រុងនោះទេ ដែលបានបង្កឲ្យមានការរំខានដល់ការផ្គត់ផ្គង់ថាមពលដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ។

លោក Starmer បានលើកឡើងថា វិបត្តិនេះ ដែលបានជំរុញឲ្យតម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសអង់គ្លេស ហក់ឡើងរួចហើយនោះ ហើយត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមានអតិផរណា និងការរំខានសេដ្ឋកិច្ចបន្ថែមទៀត ត្រូវតែក្លាយជា «ចំណុចរបត់» សម្រាប់ប្រទេសនេះ។
ដោយលើកឡើងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ និងវិធានការរឹតត្បិតដែលបានកើតឡើងបន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) ជំងឺរាតត្បាតកូវីដ-១៩ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន តាមរយៈសំណេរ នៅក្នុងទំព័រសារព័ត៌មាន The Guardian លោកបានរៀបរាប់ថា៖ «ចក្រភពអង់គ្លេសត្រូវបានវាយប្រហារដោយវិបត្តិអស់រយៈពេលជិត ២ទសវត្សរ៍មកហើយ។
លោកបានបន្ថែមថា៖ «សង្គ្រាមនៅអ៊ីរ៉ង់ឥឡូវនេះត្រូវតែក្លាយជាចំណុចរបត់របស់ប្រទេសនេះ ពីព្រោះរបៀបដែលយើងចេញពីវិបត្តិនេះ នឹងកំណត់យើងទាំងអស់គ្នា សម្រាប់មួយជំនាន់។ ហើយជំនួសឲ្យការសង្ឃឹមថា នឹងធ្លាក់ចូលទៅពិភពលោកឆ្នាំ២០០៨ វិញ យើងនឹងបង្កើតផ្លូវថ្មីមួយ សម្រាប់ចក្រភពអង់គ្លេស ពោលគឺជាផ្លូវមួយដែលពង្រឹងថាមពល ការពារជាតិ និងសន្តិសុខសេដ្ឋកិច្ចរបស់យើង នៅក្នុងយុគសម័យថ្មីមួយ»៕
