លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយថា រយៈពេលច្រើនខែនៃនិទាឃរដូវ និងរដូវក្តៅ នឹងពិបាកសម្រាប់អ៊ុយក្រែន ដោយសារខ្លួននឹងរងសម្ពាធនៅសមរភូមិ និងផ្នែកការទូតផងដែរ ដើម្បីបញ្ចប់ សង្គ្រាមនេះ។
លោក ហ្សេឡិនស្គី បាននិយាយថា ដៃគូរបស់អ៊ុយក្រែន បានស្នើសុំឲ្យទីក្រុងគីវកាត់បន្ថយការវាយប្រហាររបស់ខ្លួនលើវិស័យប្រេងរបស់រុស្ស៊ី ខណៈដែលតម្លៃពិភពលោកបានកើនឡើង ដោយសារតែសង្គ្រាមអ៊ីរ៉ង់ និងភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ លោកមិនបានបញ្ចេញឈ្មោះដៃគូទាំងនោះទេ។

ប៉ុន្តែលោកបាននិយាយថា ប្រសិនបើរុស្ស៊ីចង់បន្ថយភាពតានតឹង ប្រទេសនេះគួរតែបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើរោងចក្រថាមពលអ៊ុយក្រែន ហើយយល់ព្រមបន្តកិច្ចចរចាសន្តិភាពត្រីភាគី ដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន។
ទោះជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា សហរដ្ឋអាមេរិកបច្ចុប្បន្ន មានភាពស្ទាក់ស្ទើរក្នុងការលះបង់ពេលវេលាបន្ថែមទៀតចំពោះដំណើរការសន្តិភាពនៅអ៊ុយក្រែន៕
