ប៉ាគីស្ថាន បានរឹតបន្តឹងសន្តិសុខនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ស្របពេលដែលពួកគេត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងរដ្ឋធានីមួយនេះ នាថ្ងៃសៅរ៍ស្អែក ។
វត្តមានកងកម្លាំងសន្តិសុខកើនឡើងត្រូវបានគេមើលឃើញនៅក្នុងតំបន់ក្រហមរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលជាទីមានអគាររដ្ឋាភិបាលសំខាន់ៗជាច្រើនរបស់ប៉ាគីស្ថាន ។
ប្រជាពលរដ្ឋមួយចំនួន បានស្វាគមន៍ជំនួបមួយនេះ និងកោតសរសើរចំពោះលោកនាយករដ្ឋមន្រ្តី Shehbaz Sharif និងលោកសេនាប្រមុខ Asim Munir សម្រាប់តួនាទីប្រទេសរបស់ពួកគេ ក្នុងការទទួលបានបទឈប់បាញ់បណ្តោះអាសន្នរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កាលពីដើមសប្តាហ៍នេះ ។

ជំនួបនៅថ្ងៃសៅរ៍ស្អែកនេះ ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់លើការបន្តបទឈប់បាញ់យូរជាងបទឈប់បាញ់បច្ចុប្បន្នរយៈពេល ២សប្តាហ៍ និងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ។
គួរឲ្យដឹងថា អាជ្ញាធរប៉ាគីស្ថាន បានបិទផ្នែកមួយចំនួននៅរដ្ឋធានីអ៊ីស្លាម៉ាបាដ តាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្របពេលដែលមន្ត្រីអ៊ីរ៉ង់ បានធ្វើដំណើរតាមយន្តហោះទៅដល់ ដោយគណៈប្រតិភូអាមេរិកត្រូវបានដឹកនាំដោយអនុប្រធានាធិបតី លោក JD Vance មកដល់នៅថ្ងៃសុក្រ ។
អ្នកវិភាគមួយរូបនិយាយថា នៅពេលដែលពួកគេបាននាំទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ទៅកាន់តុចរចានៅថ្ងៃសៅរ៍ស្អែក មន្ត្រីប៉ាគីស្ថាននឹងព្យាយាមដឹកនាំកិច្ចចរចាឈានទៅរកកិច្ចព្រមព្រៀងដ៏យូរអង្វែងមួយ ។
សូមបញ្ជាក់ថា តួនាទីរបស់ប្រទេសប៉ាគីស្ថាន បង្ហាញពីការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៃជោគវាសនាសង្រ្គាម ហើយភាពជោគជ័យនៅក្នុងការចរចានៅថ្ងៃសៅរ៍ស្អែកនេះនឹងជួយរក្សាភាពលេចធ្លោថ្មីរបស់ពួកគេផងដែរ ៕
