ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញប្រាប់BTVព័ត៌មានថា ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ អាយុចាប់ពី១៨ឆ្នាំឡើង បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ បានចំនួន៩៩% និងដូសជំរុញទី៤ បានចំនួន៦១%។
លោកវេជ្ជបណ្ឌិត ងី មានហេង បានបន្តថា មណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ស្ថិតនៅតាម មនី្ទរពេទ្យជាតិ និងមណ្ឌលសុខភាពទាំង៤២ទីតាំង ក្នុងរាជធានីភ្នំពេញ នៅបន្តដំណើរការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋជាធម្មតា ហើយក្រុមការងារគ្រូពេទ្យ នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ក្រៅពីការងារចាក់វ៉ាក់សាំង ក៏ចូលរួមយ៉ាងសកម្មក្នុងការពិនិត្យ និងព្យាបាលជំងឺជូនបងប្អូន ប្រជាពលរដ្ឋ ព្រមទាំងចុះអប់រំផ្សព្វផ្សាយអំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍តាមខ្នងផ្ទះប្រជាពលរដ្ឋផងដែរ។
បើតាមរបាយការណ៍ មានប្រជាពលរដ្ឋបានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅទូទាំងប្រទេស លើប្រជាជនអាយុចាប់ពី១៨ឆ្នាំឡើង មាន១០២,៦៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់៕ អត្ថបទ៖ ហួត រដ្ឋា
