នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា លោកកំពុងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអារ៉ាប់ «តាមរយៈកម្លាំង» ខណៈដែលលោកបានធ្វើអត្ថាធិប្បាយអំពីកិច្ចចរចានាពេលខាងមុខជាមួយប្រទេសលីបង់។
លោកបានថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូមួយទៅកាន់ប្រជាជននៅភាគខាងជើងអ៊ីស្រាអែល ដែលត្រូវបានចេញផ្សាយដោយការិយាល័យរបស់លោកថា៖«ខ្ញុំបាននាំយកកិច្ចព្រមព្រៀងសន្តិភាពចំនួន ៤រួចហើយជាមួយប្រទេសអារ៉ាប់ ហើយខ្ញុំមានបំណងនាំយកបន្ថែមទៀត គឺសន្តិភាពពិតប្រាកដ សន្តិភាពតាមរយៈកម្លាំង»។

នៅក្នុងសន្ទរកថានោះ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលរូបនេះ បានសរសើរប្រជាជនចំពោះប្រកាន់ជំហរយ៉ាងរឹងមាំប្រឆាំងនឹងការបាញ់ប្រហារឥតឈប់ឈរពីប្រទេសលីបង់។ លើសពីនេះ លោកបានចែករំលែកចេតនាក្នុងការបន្តវាយប្រហារអង្គភាពស៊ីអ៊ីតហេសបូឡា។ លោកបានថ្លែងថា៖«ខ្ញុំចង់ជម្រាបជូនអ្នកថា៖ មិនមានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ទេ។ យើងកំពុងបន្តវាយប្រហារក្រុមហេបូឡា ដោយកម្លាំងពេញលេញ ហើយយើងនឹងមិនឈប់រហូតដល់យើងស្តារសន្តិសុខឡើងវិញទាំងស្រុង»។
លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា លោកបានណែនាំរដ្ឋាភិបាលរបស់លោកឲ្យរៀបចំសម្រាប់ការចរចាដោយផ្ទាល់ជាមួយប្រទេសលីបង់ «បន្ទាប់ពីមានសំណើម្តងហើយម្តងទៀតពីរដ្ឋាភិបាលលីបង់»។ លោកបានបញ្ជាក់ថា កិច្ចចរចានេះ នឹងបន្តគោលដៅពីរ៖ «ទី១ ការរំសាយអាវុធរបស់ក្រុមហេសបូឡា។ ទី២ កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ និងប្រកបដោយចីរភាពរវាងអ៊ីស្រាអែល និងលីបង់»៕
