នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋអ៊ុយក្រែន បានបង្ហាញមន្ទិលសង្ស័យរបស់ពួកគេចំពោះការប្រកាសបទឈប់បាញ់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីប្រារព្ធថ្ងៃបុណ្យ Easter ដោយពួកគេនិយាយថា បទឈប់បាញ់កាលពីមុន ត្រូវបានបំពានម្តងហើយម្តងទៀតដោយទីក្រុងមូស្គូ ។

នាង Varvara គឺជានិស្សិតវ័យ ១៧ឆ្នាំមួយរូបនិយាយថា នាងមិនជឿវាទាល់តែសោះ ។ នាងចង់មានន័យថា រយៈពេលប៉ុន្មានហើយដែលសង្រ្គាមពេញបន្ទុកមួយនេះ បានបន្តរហូតមកដល់បច្ចុប្បន្ន ហើយរាល់ឆ្នាំ វាគឺជាបទឈប់បាញ់តែមួយ សូម្បីនៅថ្ងៃចូលឆ្នាំសកល ពេលដែលពួកគេសន្យាបទឈប់បាញ់ មាននូវការប្រកាសអាសន្នពីការវាយឆ្មក់តាមអាកាសពេញមួយយប់ ។ នាងបន្តថា នាងចង់ជឿដែរ ប៉ុន្តែនាងមិនគិតថា វានឹងកើតឡើងនោះទេ ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Putin បានប្រកាសបទឈប់បាញ់រយៈពេល ៣២ម៉ោង ចាប់ពីម៉ោង ១៦:០០នាទី ម៉ោងសកល ថ្ងៃសៅរ៍ រហូតដល់ថ្ងៃបុណ្យ Easterនៅថ្ងៃអាទិត្យ ហើយសមភាគីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ទីក្រុងគីវ នឹងគោរពវិធានការនេះ ។
លោក Putin បានបញ្ជាឲ្យកងកម្លាំងរបស់លោកត្រៀមខ្លួនទប់ស្កាត់សកម្មភាពញុះញង់របស់សត្រូវដែលអាចកើតមាន និងសកម្មភាពឈ្លានពានណាមួយ ។
ការប្រកាសរបស់លោក Putin ស្រដៀងគ្នានឹងបទឈប់បាញ់រយៈពេល ៣០ម៉ោងដែលលោកបានបញ្ជាកាលពីឆ្នាំមុន ។ ភាគីទាំង ២ បានចោទប្រកាន់គ្នាទៅវិញទៅមក សម្រាប់ការបំពានបទឈប់បាញ់ ៕
