បាល់ទាត់៖ ក្រុមអេស្ប៉ាញ FC Barcelona ក្រោមការដឹកនាំរបស់ Xavi Hernandez បានបន្តស្ថិតិអស្ចារ្យរបស់ខ្លួនមិនចាញ់ ១៤ប្រកួតជាប់គ្នាក្រោយយកឈ្នះក្រុមខ្លាំង Sevilla ១-០ ឡើងឈរលេខ ២ ក្នុងតារាងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga។

គ្រាប់បាល់ជ័យជំនះនៅវគ្គទី២ ដោយ Pedri ធ្វើឱ្យ Barcelona បន្តក្តីសង្ឃឹមក្នុងការប្រជែងជើងឯកផងដែរ បើទោះជាកំពុងដេញពីក្រោយក្រុមកំពូលតារាង Real Madrid ដល់ទៅ ១២ពិន្ទុក្តី។ Sevilla ក៏មានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅវគ្គទី១ ដែរតែ Anthony Martial ធ្វើមិនបានសំរេច។ បរាជ័យរបស់ Sevilla ក៏បានធ្វើឱ្យពួកគេធ្លាក់ដល់លេខ ៤ ផងដែរមាន ៥៧ពិន្ទុស្មើគ្នាជាមួយ Atletico Madrid ដែលឈរលេខ ៣។ ក្រុមកំពូលតារាង Real Madrid ក៏រកបាន ៣ពិន្ទុដែរកាលពីថ្ងៃសៅរ៍ដោយយកឈ្នះនៅទឹកដី Celta Vigo ២-១។ ពីរគ្រាប់របស់ Real Madrid ធ្វើបានដោយខ្សែប្រយុទ្ធបារាំង Karim Benzema ដោយបាល់ពិន័យ ១១ម៉ែត្រទាំងពីរគ្រាប់៕
អត្ថបទ៖នាង សុភាវុធ