ថ្លៃដឹកជញ្ជូនតាមអាកាសហក់ឡើងខ្ពស់ និងការបង្អាក់ជើងហោះហើរ កំពុងវាយប្រហារឧស្សាហកម្មដាំផ្ការបស់កេនយ៉ា បង្ខំឲ្យអ្នកដាំមួយចំនួន បោះបង់ចោលផលិតផលក្នុងបរិមាណដ៏ច្រើន ។
ក្រុមហ៊ុន Xflora Group ដែលនាំចេញផ្កាចន្លោះពី ១២០-១៣០លានទងក្នុង ១ឆ្នាំ និយាយថា ២០-២៥ភាគរយនៃផលិតកម្មរបស់ខ្លួន ត្រូវបានបោះបង់ចោល ស្របពេលដែលចន្លោះទំនិញមានដែនកំណត់ ហើយនិងថ្លៃដឹកជញ្ជូនហក់ឡើងខ្ពស់ ធ្វើឲ្យការដឹកជញ្ជូនទៅកាន់អឺរ៉ុបមិនអាចទៅរួចតែម្តង ។

លោក Inder Nainគឺជាអ្នកគ្រប់គ្រងក្រុមហ៊ុន Xflora Group និយាយថា មូលហេតុដែលពួកយើងបោះបង់ធុរកិច្ចនេះចោល គឺដោយសារថ្លៃដឹកជញ្ជូនខ្ពស់ខ្លាំងពេក ហើយលោកមិនអាចនាំចេញផ្កាទៅកាន់អឺរ៉ុបបាននោះទេ ។
អ្នកដាំផ្កាមួយចំនួននិយាយថា ការពឹងផ្អែកខ្លាំងលើមជ្ឈមណ្ឌលអាកាសចរណ៍មជ្ឈិមបូព៌ា បានធ្វើឲ្យវិស័យមួយនេះលែងដំណើរការទៅមុខ បើទោះបីជាបច្ចុប្បន្នក្រុមហ៊ុនមួយចំនួន កំពុងស្វែងរកទីផ្សារជម្រើសផ្សេងក៏ដោយ រួមទាំងការនាំចេញដោយផ្ទាល់ទៅកាន់អាស៊ីផងដែរ ដើម្បីកាត់បន្ថយហានិភ័យនាពេលអនាគត ៕
