ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT រាយការណ៍នៅថ្ងៃសុក្រនេះថា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ហើយលោកមាននូវជំនួបជាមួយសមភាគីកូរ៉េខាងជើងលោកស្រី Choe Son Hui ។
KRT រាយការណ៍ថា លោក Wangនិយាយថា កូរ៉េខាងជើង សម្រេចបានសមិទ្ធិផលដ៏គួរឲ្យចាប់អារម្មណ៍ បើទោះបីជាមានការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក និងលោកខាងលិច ក្នុងការគាបសង្កត់ និងធ្វើឲ្យទីក្រុងព្យុងយ៉ាងឯកាក៏ដោយ ។

លោក Wang និងលោកស្រី Choe បានកោតសរសើរមេដឹកនាំរបស់ពួកគេ សម្រាប់ការបើករជ្ជកាលថ្មីនៅក្នុងទំនាក់ទំនងមិត្តភាពប្រទេសរបស់ពួកគេ នៅជំនួបជាប្រវត្តិសាស្រ្តកាលពីខែកញ្ញា ឆ្នាំមុនហើយនិងសន្យាបង្កើនទំនាក់ទំនងឲ្យល្អប្រសើរជាងនេះបន្ថែមទៀតសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋរបស់ពួកគេ ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចជាសាធារណៈលើកចុងក្រោយរបស់លោក Wang ទៅកាន់កូរ៉េខាងជើង ក្នុងនាមជារដ្ឋមន្រ្តីការបរទេសចិន បានធ្វើឡើងនៅចុងឆ្នាំ ២០១៩ បន្ទាប់ពីការជួបគ្នាទៅវិញទៅមករបស់មេដឹកនាំកំពូលប្រទេសទាំង ២នៅដើមឆ្នាំនោះ ។
ទីក្រុងប៉េកាំងបានព្យាយាមអូសទាញទីក្រុងព្យុងយ៉ាងមកវិញ ក្រោយការរីករដាលឆ្លងសកលជំងឺ COVID-19 បានបង្កកការផ្លាស់ប្តូរទំនាក់ទំនង ហើយនិងស្របពេលដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ងាកទៅពង្រឹងទំនាក់ទំនងជាមួយទីក្រុងមូស្គូ ជាមួយនឹងការបញ្ជូនទាហាន និងអាវុធ ដើម្បីការគាំទ្រសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ។
សេវាកម្មរថភ្លើងដឹកអ្នកដំណើររវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមឡើងវិញកាលពីខែមីនា ក្រោយត្រូវបានផ្អាកអស់រយៈពេល ៦ឆ្នាំ ចាប់តាំងពីការចាប់ផ្តើមការរីករាលដាលឆ្លងសកលជំងឺ COVID-19 កាលពីឆ្នាំ ២០២០ ៕
