គ្រប់ក្រសែភ្នែកទូទាំងពិភពលោក កំពុងសម្លឹងទៅប្រទេសប៉ាគីស្ថាន ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រៀមធ្វើកិច្ចចរចាដោយផ្ទាល់ដ៏កម្រ នៅទីក្រុងអ៊ីស្លាម៉ាបាដ ដោយចាប់ផ្តើមនៅថ្ងៃសៅរ៍ (ទី១១ ខែមេសា ឆ្នាំ២០២៦) ស្របពេលមានបទឈប់បាញ់ដ៏ផុយស្រួយ រវាងភាគីទាំង២។
រដ្ឋធានីរបស់ប្រទេសនេះ ត្រូវស្ថិតនៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ខណៈដែលគណៈប្រតិភូនៃប្រទេសទាំង២ ត្រូវបានគ្រោងទៅដល់នៅថ្ងៃសុក្រនេះ ដោយរបៀបវារៈផ្លូវការនៃកិច្ចចរចា ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បាននិយាយកាលពីថ្ងៃសុក្រថា គណៈប្រតិភូទាំងអស់ រួមទាំងអ្នកសារព័ត៌មានមកពីប្រទេសដែលចូលរួមផងដែរ នឹងត្រូវបានចេញទិដ្ឋាការនៅពេលមកដល់ប្រទេសប៉ាគីស្ថាន។

លោក Ishtiaq Ahmad សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Quaid-i-Azam ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ បានប្រាប់សារព័ត៌មាន Anadolu ថា៖ «ពិភពលោកទាំងមូល កំពុងតាមដានដោយអន្ទះសារ ចំពោះលទ្ធផលនៃការចរចាទាំងនេះ ដោយសារអនាគតនៃតំបន់អាស្រ័យលើដំណើរការនេះ»។
កិច្ចចរចានេះបានកើតឡើងបន្ទាប់ពីប្រទេសប៉ាគីស្ថាន បានជួយឲ្យសម្រេចបានបទឈប់បាញ់រយៈពេល ១៤ថ្ងៃ កាលពីព្រឹកថ្ងៃពុធ ដោយបានបញ្ឈប់ការប្រយុទ្ធគ្នារយៈពេល ៣៩ថ្ងៃដែលចាប់ផ្ដើមឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលប្រទេសទាំង២ បានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សជាង ៣.០០០នាក់ រួមទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ផងដែរ។
លោក Ahmad បានបញ្ជាក់បន្ថែមថា ការរំពឹងទុកនៃកិច្ចចរចា នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មើលទៅ «មានសង្ឃឹមច្រើន» ឥឡូវនេះ ដោយសារអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានយល់ព្រមធ្វើកិច្ចចរចាដោយផ្ទាល់ជាមួយលីបង់ ពោលគឺមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុត នៅទូទាំងប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ៕


