កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា លីបង់កំពុងប្រឈមនឹងវិបត្តិសន្តិសុខស្បៀងអាហារ ខណៈដែលសង្គ្រាមអ៊ីរ៉ង់ បានរំខានដល់ការផ្គត់ផ្គង់ទំនិញនៅក្នុងប្រទេសនេះ។

បទឈប់បាញ់រយៈពេល ២សប្តាហ៍ដ៏ផុយស្រួយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្ហាញពីការមានភាពតានតឹងបន្ថែមទៀត នៅថ្ងៃទី១០ ខែមេសានេះ ពោលគឺមួយថ្ងៃមុនពេលដែលភាគីទាំង២ ត្រូវបានគេរំពឹងថា នឹងចរចានៅក្នុងប្រទេសប៉ាគីស្ថាន ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើការសន្យា ជុំវិញការបើកច្រកសមុទ្រ Hormuz ហើយអ៊ីស្រាអែល បានវាយប្រហារប្រទេសលីបង់ ដោយការវាយប្រហារដែលអ៊ីរ៉ង់បានអះអាងថា ជាការរំលោភលើបទឈប់បាញ់។
លោកស្រី Allison Oman នាយិកា WFP ប្រចាំប្រទេសលីបង់ បាននិយាយតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងបេរូតថា៖ «អ្វីដែលយើងកំពុងឃើញមិនមែនគ្រាន់តែជាវិបត្តិជនភៀសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាវិបត្តិសន្តិសុខស្បៀងអាហារយ៉ាងឆាប់រហ័ស»។
លោកស្រីបានព្រមានថា ស្បៀងអាហារកាន់តែមិនអាចទិញបាន ដោយសារតែតម្លៃស្បៀងអាហារឡើងខ្ពស់ និងតម្រូវការកើនឡើងក្នុងចំណោមគ្រួសារជនភៀសខ្លួន។
លោកស្រី Oman បានសង្កត់ធ្ងន់ថា ប្រទេសលីបង់ប្រឈមមុខនឹងវិបត្តិ ២កម្រិតផ្សេងគ្នា ដែលទីផ្សារមួយចំនួន បានដួលរលំទាំងស្រុង ជាពិសេសនៅភាគខាងត្បូង ជាកន្លែងដែលទីផ្សារជាង ៨០ភាគរយ លែងដំណើរការទៀតហើយ ខណៈពេលដែលទីផ្សារនៅទីក្រុងបេរូត កំពុងស្ថិតនៅក្រោមភាពតានតឹងកាន់តែខ្លាំងឡើងៗ។ លោកស្រីបានបន្ថែមថា ពាណិជ្ជករជាច្រើនកំពុងរាយការណ៍ថា នៅសល់ស្តុកស្បៀងអាហារសំខាន់ៗ មិនដល់មួយសប្តាហ៍ទៀតឡើយ៕

