ក្រុមឧទ្ទាមចM23 បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«កិច្ចសន្ទនាជុំថ្មី» ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) នឹងត្រូវធ្វើឡើង នៅប្រទេសស្វ៊ីស ក្នុងពេលឆាប់ៗនេះ ។
លោក Lawrence Kanyuka អ្នកនាំពាក្យរបស់ក្រុមឧទ្ទាម បាននិយាយថា គណៈប្រតិភូ M23 «កំពុងធ្វើដំណើរទៅកាន់ប្រទេសស្វ៊ីស ដើម្បីចូលរួមក្នុងកិច្ចសន្ទនាជុំថ្មី ក្នុងស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធី» ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មិនទាន់បានធ្វើអត្ថាធិប្បាយអំពីការប្រកាសនេះនៅឡើយទេ។
យោងតាមប្រភពការទូតដែលត្រូវបានទាក់ទងដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ កិច្ចប្រជុំជាបន្តបន្ទាប់ត្រូវបានគ្រោងធ្វើ នៅប្រទេសស្វ៊ីស នៅសប្តាហ៍ក្រោយ រវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមឧទ្ទាមនេះ។ កិច្ចចរចានាពេលខាងមុខ ត្រូវបានគេមើលឃើញថា ជាការបន្តនៃដំណើរការ ទីក្រុងដូហា ដោយរក្សាក្របខណ្ឌចរចាដដែល៕
