អង្គការសុខភាពពិភពលោក(WHO) និយាយថា មន្ទីរពេទ្យមួយចំនួនរបស់លីបង់ អាចនឹងអស់គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តសង្រ្គោះអាយុជីវិតមនុស្ស ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ស្របពេលដែលការផ្គត់ផ្គង់ជិតអស់រលីង បន្ទាប់ពីគ្រោះថ្នាក់ទ្រង់ទ្រាយធំ បណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែលរយៈពេល ១ថ្ងៃកន្លងមកនេះ ។

WHO បញ្ជាក់ថា ឧបករណ៍សង្រ្គោះអាយុជីវិតអ្នករងរបួស រួមមានបង់រុំ ថ្នាំអង់ទីប៊ីយោទិក និងថ្នាំស្ពឹក ដើម្បីព្យាបាលអ្នករងរបួសដោយសារសង្រ្គាម ។
លោកវេជ្ជបណ្ឌិត Abdinasir Abubakar ដែលជាអ្នកតំណាងអង្គការ WHOនៅលីបង់និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តមួយចំនួនខ្វះខាត ហើយពួកយើងអាចនឹងអស់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។
អ៊ីស្រាអែលបានវាយប្រហារគោលដៅជាច្រើននៅលីបង់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំបំផុតរបស់ខ្លួននៃសង្រ្គាមលើប្រទេសជិតខាងមួយនេះ កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សជាង ២៥០នាក់ និងមនុស្សជាង ១ពាន់នាក់ផ្សេងទៀត រងរបួស ៕
