អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះប្រទេសលីបង់ និងថ្កោលទោស ចំពោះអ្វីដែលលោកបានពិពណ៌នាថា ជាការឈ្លានពានដ៏ឃោរឃៅរបស់អ៊ីស្រាអែលក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ។

សេចក្តីថ្លែងការណ៍នេះ បានបង្ហាញថា លោក Aboul Gheit បានសម្តែង «សាមគ្គីភាពពេញលេញជាមួយលីបង់ នៅចំពោះមុខការឈ្លានពានឥតក្ដីមេត្តា និងព្រៃផ្សៃរបស់អ៊ីស្រាអែល ដែលប្រទេសនេះកំពុងតស៊ូជាមួយ» ដោយបានគូសបញ្ជាក់ពីការគាំទ្ររបស់សម្ព័ន្ធអារ៉ាប់ ចំពោះរដ្ឋាភិបាលលីបង់ និងការសម្រេចចិត្តរបស់ខ្លួន។
លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមបញ្ចូលរបស់លីបង់ នៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានប្រកាសថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយបានបង្ហាញពីតម្រូវការ សម្រាប់ការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់កាន់តែទូលំទូលាយ។
ក្នុងអំឡុងពេលនៃការជជែកតាមទូរស័ព្ទនោះ លោក Aboul Gheit បានវាយតម្លៃឡើងវិញនូវបញ្ហាប្រឈមដែលលីបង់កំពុងជួបប្រទះ ជាពិសេសការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តមាន និងបានសម្តែងការគាំទ្រ ចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការពង្រឹងអំណាចរដ្ឋ។ នេះរួមបញ្ចូលទាំងវិធានការ ដើម្បីធានាថា អាវុធនៅតែស្ថិតនៅក្នុងដៃរបស់កងកម្លាំងរដ្ឋស្របច្បាប់ទាំងស្រុង៕


