ជីដូនរបស់ចៅ ២នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកនៅទីក្រុងភាគខាងកើត Manipur របស់ប្រទេសឥណ្ឌា បានទាមទារយុត្តិធម៌ ស្របពេលដែលបាតុកម្មប្រឆាំងនឹងការសម្លាប់នេះ បានកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ ។
ក្រុមមន្រ្តីនិយាយថា ក្មេង ២នាក់ មកពីសហគមន៍កុលសម្ព័ន្ធហិណ្ឌូ Meitei ត្រូវបានសម្លាប់ ក្រោយគ្រាប់បែកផ្ទុះឡើងនៅក្នុងផ្ទះមួយខ្នង ស្ថិតក្នុងស្រុក Bishnupur កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ ។
បាតុករជាស្រ្តីរាប់រយនាក់ និងក្មេងៗ នាំគ្នាដង្ហែរក្បួនទៅកាន់ស្រុក Manipur West ដោយមានកាន់រូបថតរបស់ក្មេងស្លាប់ ពេលដែលពួកគេទាមទារបញ្ចប់ភាពរំជើបរំជួលក្នុងតំបន់ ។
គួរឲ្យដឹងថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងដំបូងកាលពីខែឧសភា ឆ្នាំ ២០២៣ រវាងកុលសម្ព័ន្ធហិណ្ឌូ Meitei និងកុលសម្ព័ន្ធគ្រិស្ត Kuki ជុំវិញអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាការងារ ។
មនុស្សប្រហែល ២៦០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៦ម៉ឺននាក់ផ្សេងទៀត បានជម្លៀសខ្លួន ។
ក្មេង ២នាក់ដែលត្រូវបានសម្លាប់ក្នុងភាពរំជើបរំជួលចុងក្រោយនេះ រស់នៅក្នុងសហគមន៍ Meitei ដែលសមាជិករបស់ពួកគេ បានចោទប្រកាន់ថា ការវាយប្រហារខាងលើ ធ្វើឡើងដោយក្រុមជីវពល Kuki ប៉ុន្តែក្រុម Kuki បានច្រានចោលការចោទប្រកាន់មួយនេះ ៕