ប្រភពបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យចូលរួមពិធីជប់លៀងដ៏ប្រណីតមួយ នៅឯវិមានដ៏ស្រស់ស្អាត Versailles ពោលគឺមួយថ្ងៃក្រោយកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) នាពាក់កណ្តាលខែមិថុនា ទោះបីជាគេនៅតែមិនទាន់ច្បាស់ថា តើលោក Trump នឹងចូលរួមព្រឹត្តិការណ៍ណាមួយដែរ ឬអត់ក៏ដោយ។
ប្រទេសបារាំង គឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G7 ឆ្នាំនេះ ដោយជំនួបកំពូលមេដឹកនាំ គឺនៅរមណីយដ្ឋានមាត់បឹង Evian-les-Bains នៅជើងភ្នំ Alps របស់បារាំង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៥-១៧ ខែមិថុនា ជាកាលបរិច្ឆេទដែលលោក Macron បានផ្លាស់ប្តូររួចហើយ ដើម្បីសម្រួលដល់ព្រឹត្តិការណ៍ក្បាច់គុនចម្រុះ ដែលលោក Trump នឹងរៀបចំ នៅសេតវិមាន នៅថ្ងៃខួបកំណើតគម្រប់ ៨០ឆ្នាំរបស់លោក នាថ្ងៃទី១៤ ខែមិថុនា។
ទំនាក់ទំនងរបស់លោក Trump ជាមួយប្រទេសសមាជិក G7 ជាច្រើន កាន់តែមានភាពតានតឹងឡើងៗ ដោយសារតែសង្គ្រាមរបស់លោក ជាមួយអ៊ីរ៉ង់ ក្នុងចំណោមបញ្ហាផ្សេងទៀត ជាពិសេសនៅក្នុងមតិយោបល់រិះគន់ ដោយបើកចំហ ទាក់ទងនឹងការផ្តល់ការគាំទ្រផ្នែកយោធារបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នាដើមខែមីនា។ លោកក៏បានរិះគន់ម្តងហើយម្តងទៀត ចំពោះអង្គការណាតូ (NATO) ដែលសមាជិក G7 ទាំងអស់ លើកលែងតែជប៉ុន គឺជាផ្នែកនៃសម្ព័ន្ធភាពនេះ ជុំវិញការឆ្លើយតបរបស់ប្រទេសទាំងនោះ ចំពោះជម្លោះនេះ។
ប្រភពទាំងនេះ បានឲ្យដឹងបន្ថែមថា គេមិនទាន់ច្បាស់នៅឡើយទេថា តើលោក Trump នឹងមានវត្តមាននៅរមណីយដ្ឋាន Evian-les-Bains ដែរ ឬអត់ ហើយសូម្បីតែនៅវិមាន Versailles ក៏ដូចគ្នា ជាទីដែលពួកគេបាននិយាយថា គ្មានមេដឹកនាំ G7 ផ្សេងទៀត ត្រូវបានអញ្ជើញទៅកាន់ទីនោះឡើយ៕