បន្ទាប់ពីមានសង្គ្រាមត្រឹមតែរយៈពេល ៤០ថ្ងៃ រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទីក្រុងតេអេរ៉ង់បានជួបប្រទះនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ និងការខូចខាតយ៉ាងទូលំទូលាយ ចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងស៊ីវិលរបស់ខ្លួន។ ប្រជាជនអ៊ីរ៉ង់ជាច្រើនបានបាត់បង់ការងារ ខណៈដែលរោងចក្រ រោងចក្រថាមពល អាកាសយានដ្ឋាន និងស្ពាន ត្រូវបានបំផ្លិចបំផ្លាញ។
អ៊ីរ៉ង់បានរងការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើន ដែលត្រូវបានប៉ាន់ស្មានថា មានចន្លោះពី ១៤០ពាន់លានដុល្លារ ទៅ ១៤៥ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ ដោយដកស្រង់សេចក្ដីរាយការណ៍របស់សារព័ត៌មាន Jerusalem Post របស់អ៊ីស្រាអែល។
ទន្ទឹមនឹងនេះ ប្រធានសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ លោក Pirhossein Kolivand បានប្រាប់ឲ្យដឹងថា អគារមិនមែនយោធាចំនួន ១២៥.៦៣០ខ្នង ត្រូវបានខូចខាត អំឡុងសង្គ្រាម។ នេះរួមបញ្ចូលទាំងប្លុកលំនៅឋានប្រហែល ១០០.០០០ខ្នង ដែលខ្លះត្រូវបានបំផ្លាញទាំងស្រុង និងខ្លះទៀត ត្រូវបានខូចខាតដោយផ្នែក ក៏ដូចជាអគារពាណិជ្ជកម្មប្រហែល ២៣.៥០០ខ្នង។
លោកបានប្រាប់ទៀតថា មណ្ឌលសុខភាពចំនួន ៣៣៩កន្លែង ដែលរួមមានមន្ទីរពេទ្យ ឱសថស្ថាន មន្ទីរពិសោធន៍ មជ្ឈមណ្ឌលសុខភាព និងអង្គភាពសង្គ្រោះបន្ទាន់ ក៏ត្រូវបានខូចខាតផងដែរ។ ប្រធានអឌ្ឍចន្ទក្រហមអ៊ីរ៉ង់រូបនេះ បានឲ្យដឹងទៀតថា សាកលវិទ្យាល័យចំនួន ៣២កន្លែង ត្រូវបានខូចខាត ខណៈដែលសាលារៀន និងមជ្ឈមណ្ឌលអប់រំប្រហែល ៨៥៧កន្លែង ត្រូវបានរងផលប៉ះពាល់។ ចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធ លោក Kolivand បាននិយាយថា ទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗប្រហែល ១៥កន្លែង ត្រូវបានវាយប្រហារ រួមជាមួយនឹងកន្លែងផ្ទុកប្រេងឥន្ធនៈចំនួន ៥។ អាកាសយានដ្ឋាន និងយន្តហោះស៊ីវិល ក៏បានរងការខូចខាតផងដែរ។
រូបភាពផ្កាយរណប រួមជាមួយនឹងការវាយតម្លៃពីអ្នកជំនាញយោធា និងការពារជាតិអ៊ីរ៉ង់ បានបង្ហាញថា ការវាយប្រហារ បានបំផ្លាញកន្លែងបាញ់បង្ហោះលើដី រឹតត្បិតការចូលទៅកាន់ឃ្លាំងស្តុកមីស៊ីលក្រោមដីជាបណ្តោះអាសន្ន និងបញ្ឈប់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការផលិតមីស៊ីលថ្មីភ្លាមៗ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់ កាលពីព្រឹកថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) ដែលជាការផ្លាស់ប្តូរភ្លាមៗ បន្ទាប់ពីបានគំរាមកំហែងថា «អារ្យធម៌ទាំងមូលរបស់ប្រទេសនេះ នឹងរលាយបាត់»៕