ក្រុមមន្រ្តីនគរបាលនិយាយនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោច ១០នាក់ បានស្លាប់ ពេលដែលទូកមួយគ្រឿង បានលិច ក្រោយបុកស្ពានបណ្តែតនៅស្រុកភាគខាងជើង Mathura រដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា ។
មនុស្សយ៉ាងហោច ២៥នាក់នៅលើទូក ហើយប្រតិបត្តិការសង្រ្គោះដឹកនាំដោយកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ និងក្រុមអ្នកមុជទឹកក្នុងស្រុក ត្រូវបានធ្វើឡើង ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ។
អភិបាលរដ្ឋ Uttar Pradesh លោក Yogi Adiytanath បានបង្ហាញមរណទុក្ខចំពោះគ្រួសារដែលបាត់បង់អាយុជីវិតរបស់ពួកគេ ។
លោក Shailesh Pandey គឺជាអធិការរងស្រុក Mathura និយាយថា ពួកយើងទទួលបានដំណឹងថា ទូកមួយគ្រឿង ដឹកមនុស្ស ២៥-២៧នាក់ ពេលដែលជួបឧបទ្ទេវហេតុ ។
លោកបន្តថា ពួកយើងកំពុងបញ្ជាក់ចំនួនមនុស្សពិតប្រាកដនៅលើទូក ហើយតាមព័ត៌មានបឋមដែលពួកយើងទទួលបាន ឧបទ្ទេវហេតុនេះ បានកើតឡើង ក្រោយទូកបុកជាមួយស្ពានបណ្តែត ។ មកទល់នឹងពេលនេះ ពួកយើងបានស្រង់សាកសពមនុស្សបានយ៉ាងហោច ១០នាក់ ៕