អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance និយាយនៅថ្ងៃសុក្រនេះថា លោកទន្ទឹងរង់ចាំកិច្ចចរចានាពេលខាងមុខនេះជាមួយអ៊ីរ៉ង់ ហើយលោកនិយាយថា លោករំពឹងថា កិច្ចប្រជុំនៅទីក្រុងអ៊ីស្លាម៉ាបាដនឹងវិជ្ជកមាន ។
លោកនិយាយបែបនេះ មុនពេលចាកចេញពីទីក្រុងវ៉ាស៊ីនតោន ទៅកាន់ប្រទេសប៉ាគីស្ថាន ។
លោក Vance និយាយថា អរុណសួស្តីអ្នករាល់គ្នា ។ អរគុណសម្រាប់ការមក ។ ពួកយើងទន្ទឹងរង់ចាំកិច្ចចរចា ។ លោកគិតថា វានឹងវិជ្ជមាន ។
លោកបន្តថា ជាការពិតណាស់ថា ដូចអ្វីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយអញ្ចឹង បើសិនជាអ៊ីរ៉ង់ចង់ចរចាក្នុងជំនឿល្អ ពួកយើងពិតជាចង់លាតដៃបើកចំហរ ។ បើសិនជាពួកគេចង់លេងជាមួយពួកយើង ដល់ពេលនោះ ពួកគេនឹងយល់ឃើញថា ក្រុមចរចាមិនទាន់ត្រៀមចិត្តនោះទេ ។
លោក Vanceនិយាយទៀតថា ដូច្នេះហើយ ពួកយើងនឹងព្យាយាមឲ្យមានកិច្ចចរចាវិជ្ជមាន ។ លោកប្រធានាធិបតីបានផ្តល់ឲ្យពួកយើងនូវគោលការណ៍ណែនាំច្បាស់លាស់ណាស់ ហើយពួកយើងនឹងមើលឃើញ ។ លោកសង្ឃឹមថា អ្នករាល់គ្នាមាននូវការហោះហើរដ៏សុវត្ថិភាព ។ ពួកយើងច្បាស់ជាទទួលយកសំនួរមួយចំនួន ប៉ុន្តែឥឡូវនេះ តោះនាំគ្នាឡើងលើយន្តហោះ និងចាប់ផ្តើមការធ្វើដំណើរ ។
គួរឲ្យដឹងថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមផ្អាកការប្រយុទ្ធគ្នា ខណៈពួកគេចរចាបញ្ចប់សង្រ្គាម ។ អ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ ប៉ុន្តែពួកគេនិយាយថា ពួកគេមិនបញ្ឈប់យុទ្ធនាការប្រឆាំងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់នោះទេ ។
អ៊ីស្រាអែលបានវាយប្រហារគោលដៅជាច្រើននៅលីបង់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំបំផុតរបស់ខ្លួននៃសង្រ្គាមលើប្រទេសជិតខាងមួយនេះ កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សជាង ២៥០នាក់ និងមនុស្សជាង ១ពាន់នាក់ផ្សេងទៀត រងរបួស ៕