វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដោយប្រេសិតវិនិយោគពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនមែនមានន័យថា លទ្ធភាពដែលអាចកើតមានការចរចា ស្ដីពីកិច្ចព្រមព្រៀងសន្តិភាព នៅអ៊ុយក្រែន បានចាប់ផ្តើមឡើងវិញនោះឡើយ។
ដោយដកស្រង់ប្រភពដែលដឹងអំពីដំណើរទស្សនកិច្ចនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Kirill Dmitriev ដែលជាប្រេសិតរបស់លោក Putin បានស្ថិតនៅសហរដ្ឋអាមេរិកហើយ ហើយនិងជួបជាមួយសមាជិកនៃរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។
នៅពេលត្រូវបានសួរ អំពីបញ្ហានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា៖ «លោក Kirill Dmitriev មិនកំពុងចរចារកដំណោះស្រាយនៅអ៊ុយក្រែននោះទេ ហើយនេះមិនមែនជាការចាប់ផ្ដើមការចរចាឡើងវិញឡើយ។ លោក Kirill Dmitriev ដឹកនាំក្រុមលើបញ្ហាសេដ្ឋកិច្ច ហើយលោកបន្តធ្វើការនៅក្នុងក្រុមនេះ»។
កាលពីថ្ងៃព្រហស្បតិ៍ លោក Putin បានប្រកាសពីបទឈប់បាញ់រយៈពេល ៣២ម៉ោង ក្នុងរយៈពេល ២ថ្ងៃសម្រាប់បុណ្យ Easter នៃសាសនាគ្រិស្តនិកាយអូថូដុក នៅថ្ងៃអាទិត្យនេះ។ សមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelenskiy បានបញ្ជាក់ថា ទីក្រុងគីវនឹងគោរពតាមវិធានការនេះ។
លោក Peskov ដែលធ្លាប់បាននិយាយថា ការចរចាសន្តិភាពត្រូវបានផ្អាកដោយសារតែព្រឹត្តិការណ៍នៅតំបន់មជ្ឈិមបូព៌ា បានបន្ថែមថា បទឈប់បាញ់នេះមានលក្ខណៈមនុស្សធម៌ ហើយរុស្ស៊ីចង់បានកិច្ចព្រមព្រៀងសន្តិភាពសមស្រប ជាជាងបទឈប់បាញ់ធម្មតា៕