សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅក្នុងប្រទេសលីបង់ ដោយសង្កត់ធ្ងន់ថា អំពើហិង្សាដែលកំពុងបន្តនេះ បានបណ្តាលឲ្យមានរួចហើយនូវអ្នកស្លាប់ និងរបួសជាជនស៊ីវិលយ៉ាងច្រើន ហើយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Anouar El Anouni បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងទាមទារឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅក្នុងប្រទេសលីបង់ ដែលបានបង្កឲ្យមានការបាត់បង់អាយុជីវិតជនស៊ីវិលយ៉ាងច្រើន និងនាំឲ្យមានការខូខាតហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលយ៉ាងធ្ងន់ធ្ងរ។ វាគឺច្បាស់ណាស់ថា គ្រប់ភាគីទាំងអស់ត្រូវតែគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងពេញលេញ»។
លោក El Anouni បានបន្ថែមថា EU ស្វាគមន៍ចំពោះការប្រកាសថ្មីៗនេះ ទាក់ទងនឹងការចាប់ផ្តើមកិច្ចចរចាសន្តិភាព រវាងអ៊ីស្រាអែល និងលីបង់ ដោយពណ៌នាអំពីដំណឹងនេះថា ជា «ការវិវត្តដ៏វិជ្ជមាន» ខណៈពេលដែលសង្កត់ធ្ងន់ថា ការទូតនៅតែជា «មាគ៌ាតែមួយគត់ដែលអាចអនុវត្តបាន»។
ជាមួយគ្នានេះ លោកបានជំរុញឲ្យគ្រប់ភាគីទាំងអស់ចូលរួម «យ៉ាងប្រាកដប្រជា និងដោយស្មោះត្រង់» ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ ដោយអំពាវនាវឲ្យគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងពេញលេញ និងការការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលមានរួមទាំង UNIFIL និងបុគ្គលិកមនុស្សធម៌។
គួរបញ្ជាក់ថា ការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីក្រុមហេសបូឡាបានចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅដើមខែមីនា បានសម្លាប់មនុស្សរាប់រយនាក់ កាលពីថ្ងៃពុធ ទី៨ ខែមេសា៕