អ៊ុយក្រែន៖ អ្នកការទូតកំពូលរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បានចាត់ទុកឧក្រិដ្ឋកម្មសង្គ្រាម និងការសម្លាប់ជនស៊ីវិលដែលត្រូវបានប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅក្រុង Bucha ថា ជាអំពើឃោរឃៅបំផុតនៃសតវត្សទី២១ នេះ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានធ្វើអត្ថាធិប្បាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់សារមន្ទីរបះបោរមួយនៅទីក្រុងវ៉ាសាវី (Warsaw)។ លោកនិយាយថា យើងនិយាយសំដៅទៅលើក្រុង Bucha ប៉ុន្តែយើងមិនភ្លេចអំពីទីក្រុង និងភូមិផ្សេងទៀតនៅក្នុងតំបន់ទីក្រុងគីវ ដែលបានក្លាយជាទីកន្លែងឧក្រិដ្ឋកម្មរបស់កងទ័ពរុស្ស៊ី។ មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ជនស៊ីវិលជាច្រើននាក់ដែលត្រូវបានសម្លាប់ត្រូវបានគេឃើញនៅតាមដងផ្លូវជាយក្រុងគីវនៃក្រុង Bucha, Irpin និង Hostomel បន្ទាប់ពីការដកកងទ័ពរបស់រុស្ស៊ី។ ក្រុមមន្ត្រីនិយាយថា ជនរងគ្រោះមួយចំនួនត្រូវបានបាញ់ចំក្បាល ហើយដៃរបស់ពួកគេជាប់ចំណងដែលបង្កឱ្យមានការអំពាវនាវថ្មី សម្រាប់ការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម និងការដាក់ទណ្ឌកម្មលើរុស្ស៊ី។
អាជ្ញាធរនិយាយថា ពួកគេកំពុងចងក្រងឯកសារភស្តុតាងនៃអំពើឃោរឃៅ ដែលត្រូវបានចោទប្រកាន់ដើម្បីបន្ថែមលើសំណុំរឿងសម្រាប់ការកាត់ទោសមន្ត្រីរុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ដើម្បីកាត់ទោសរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិនឹងត្រូវបង្ហាញភស្តុតាង នៃការវាយប្រហារយ៉ាងសាហាវឃោរឃៅលើជនស៊ីវិល ក្នុងអំឡុងពេលការវាយលុករបស់រុស្ស៊ី។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាសាវី (Warsaw) លោក Kuleba បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើប្រទេសរុស្ស៊ី រួមទាំងការហាមឃាត់ថាមពលទាំងស្រុង ជុំវិញការមើលឃើញសោកនាដកម្មនៅភាគខាងជើងទីក្រុងគីវ៕
អត្ថបទ៖ ប៊ុនថន