យោងតាមមេធាវី បាននិយាយនៅក្នុងឯកសារដាក់ជូនតុលាការ កាលពីថ្ងៃសុក្រ ទី១០ ខែមេសា បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានស្នើសុំពន្យារពេលការផ្តល់សក្ខីកម្មក្នុងការជម្រះក្តីអំពើពុករលួយជាយូរអង្វែងរបស់លោក ដែលគ្រោងនឹងបន្តនៅសប្តាហ៍ក្រោយ ដោយលើកឡើងពីស្ថានភាពសន្តិសុខកំពុងបន្តនៅក្នុងតំបន់។
ការជម្រះក្តីរបស់លោក ណេតាន់យ៉ាហ៊ូ ត្រូវបានកំណត់ឱ្យបន្តនៅថ្ងៃអាទិត្យ បន្ទាប់ពីអ៊ីស្រាអែល បានដកចេញស្ថានភាពគ្រាអាសន្នដែលបានដាក់ជុំវិញសង្គ្រាមរបស់ប្រទេសនេះជាមួយអ៊ីរ៉ង់ បន្ទាប់ពីការប្រកាសបទឈប់បាញ់។ មេធាវីការពារក្តីបាននិយាយថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីបន្តស្តាប់សក្ខីកម្មរបស់សាក្សីភាគីដើមចោទ។
ឯកសារដាក់ជូនតុលាការទីក្រុងយេរូសាឡឹម បាននិយាយថា «ដោយសារតែហេតុផលសន្តិសុខ មានភាពសម្ងាត់ខ្ពស់ និងការទូត ទាក់ទងនឹងព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល បានកើតឡើងនៅក្នុងរដ្ឋអ៊ីស្រាអែល និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីនឹងមិនអាចផ្តល់សក្ខីកម្មក្នុងដំណើរការនេះបានទេ យ៉ាងហោចណាស់ពីរសប្តាហ៍ខាងមុខទៀត»។
លោក Netanyahu ដែលជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេត្រូវបានចោទប្រកាន់ពីបទពុករលួយ បានបដិសេធការចោទប្រកាន់ពីបទសូកប៉ាន់ ការក្លែងបន្លំ និងការរំលោភលើសេចក្តីទុកចិត្ត ដែលបានធ្វើឡើងនៅឆ្នាំ២០១៩ បន្ទាប់ពីការស៊ើបអង្កេតរយៈពេលជាច្រើនឆ្នាំ។
ការជម្រះក្តីរបស់លោក ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២០ ហើយអាចនាំឱ្យមានការជាប់ពន្ធនាគារ ត្រូវបានពន្យារពេលម្តងហើយម្តងទៀតដោយសារតែការប្តេជ្ញាចិត្តជាផ្លូវការរបស់លោក ដោយគ្មានកាលបរិច្ឆេទបញ្ចប់នៅចំពោះមុខឡើយ។