នៅរសៀលថ្ងៃទី១១ ខែមេសា នេះ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ផ្សារទួលទំពូង នឹងចាប់ផ្តើមដំណើរការមុនបណ្តាទីតាំងនគរសង្ក្រាន្តធំៗ៥ដទៃផ្សេងទៀត ក្នុងរាជធានីភ្នំពេញ។

បណ្តោយផ្លូវជុំវិញបរិវេណផ្សារទួលទំពូងទាំងមូល មានផ្លូវលេខ១៥៥ , ១៦៣ , ផ្លូវលេខ៤៤០ និង៤៥០ ត្រូវបានរៀបចំ តុបតែងលម្អរ ដោយមានការចងកន្សែង ក្រមា និងទង់ជាតិខ្មែរនៅពីលើបរិវេណទីតាំងប្រារព្ធពិធី អមជាមួយការរៀបចំឆាកតន្ត្រី និងការតុបតែងបែបប្រពៃណីជាច្រើនទៀត ដើម្បីលម្អងបរិយាកាសឲ្យសមនឹងព្រឹត្តិការណ៍ ដែលកំពុងបង្ហាញពីទំនៀមទំលាប់វប្បធម៌ជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦នេះ ។
ទន្ទឹមនឹងការរៀបចំ បណ្តាបងប្អូនក្រុមអាជីវករ ក៏បាននឹងកំពុងរៀបចំការលក់ដូររបស់ខ្លួនជាបណ្តើរៗ ត្រៀមសម្រាប់លក់ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញនាំគ្នាទៅចូលរួមលេងកម្សាន្តសប្បាយតាមបែបប្រពៃណីខ្មែរ នៅរសៀលនេះ ។
តាមការគ្រោងទុក នៅរសៀលនេះ នៅពេលដែលព្រឹត្តិការណ៍នគរសង្ក្រាន្តចាប់ផ្តើមដំណើរការ លំហូរចរាចរណ៍ធ្វើដំណើរ នឹងត្រូវកម្លាំងអាជ្ញាធរមានសមត្ថកិច្ចធ្វើការបិទទាំងស្រុង នៅលើផ្លូវទាំង៤ជុំវិញបរិវេណផ្សារ ដើម្បីទុកលទ្ធភាពជូនភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញទៅកម្សាន្ត ។ ទន្ទឹមនឹងនោះ កិច្ចការការពាររក្សាសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក៏ត្រូវបានពង្រឹងផងដែរ ដោយកងកម្លាំងសមត្ថកិច្ចចម្រុះ ។
ពលរដ្ឋ រស់នៅក្បែរតំបន់រៀបចំព្រឹត្តិការណ៍ បង្ហាញក្តីរំភើបរីករាយ ហើយពួកគាត់ នឹងចូលរួមលេងកម្សាន្តសប្បាយ នៅរសៀលនេះជាមួយកម្មវិធីសប្បាយភាពបែបប្រពៃណីនានាដែលមានការរៀបចំ។
ដោយឡែកក្រុមអាជីវករ ក៏រីករាយមិនចាញ់ពលរដ្ឋរស់ក្នុងតំបន់នោះដែរ ព្រោះនៅពេលមានព្រឹត្តិការណ៍ធំបែបនេះ នឹងញ៉ាងឲ្យមានមនុស្សចូលរួមច្រើនកុះករ ដែលជាចំណែក នៃការជួយជំរុញការលក់ដូរពួកគាត់ឲ្យកាន់តែប្រសើរឡើងផងដែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ឆ្នាំថ្មីនេះ នឹងធ្វើឡើងរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងធំៗចំនួន០៦ រួមមាន ៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ (Walk street) , សួនវត្តបទុមវតី , ផ្សារទួលទំពូង , សួនច្បារវឌ្ឍនៈ ដល់ផ្សារាត្រី និង ទីតាំងបាសាក់លែន ។
ប៉ុន្តែសម្រាប់ផ្សារទួលទំពូង គឺធ្វើឡើង០៩ថ្ងៃ លើសបណ្តាទីតាំងធំៗទាំងអស់ខាងលើ ដោយចាប់ផ្តើមពីថ្ងៃទី១១នេះ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ទើបបញ្ចប់៕ អត្ថបទ៖ លីហេង















