អតីតបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានបង្ហើបពីទស្សនវិស័យដែលលោកស្រី អាចនឹងវិលត្រឡប់ទៅរកយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៨ វិញ បន្ទាប់ពីចាញ់លោក Donald Trump ក្នុងការប្រកួតប្រជែងយកតំណែងក្នុងឆ្នាំ ២០២៤។
លោកស្រី Harris ដែលជាអតីតអនុប្រធានាធិបតី បានប្រឈមនឹងលទ្ធភាពនេះកាលពីថ្ងៃសុក្រ ខណៈកំពុងស្ថិតនៅលើឆាកជាមួយមេដឹកនាំសិទ្ធិពលរដ្ឋ នៅក្នុងសន្និសីទប្រចាំឆ្នាំរបស់បណ្តាញសកម្មភាពជាតិ។
លោកស្រី Harris នៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានគេសួរដោយត្រង់ៗថា «ដូច្នេះ តើលោកស្រីនឹងឈរឈ្មោះម្តងទៀតនៅឆ្នាំ២០២៨ ដែឬទេ? វត្តមានរបស់លោកស្រីនៅក្នុងសន្និសីទសិទ្ធិពលរដ្ឋ បានជួបការស្រែកហ៊ោកញ្ជ្រៀវថា «ឈរឈ្មោះម្តងទៀតទៅ» ប៉ុន្តែ លោកស្រី Harris បានបញ្ចៀសការប្តេជ្ញាចិត្តក្នុងការឈរឈ្មោះជាថ្មីសម្រាប់តំណែងនេះជាសាធារណៈ ទោះបីជាលោកស្រីបានបង្ហើបពីការប្រជែងយកតំណែងនៅឆ្នាំ២០២៨ ក៏ដោយ។
លោកស្រី បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសម្ភាសន៍ ថា «ស្តាប់ ខ្ញុំនឹងអាច ខ្ញុំអាចធ្វើ។ ខ្ញុំកំពុងគិតអំពីបញ្ហានេះ»។ លោកស្រី Harris បានបន្តគូសបញ្ជាក់ពីបទពិសោធន៍កាលពីពេលមុនរបស់លោកស្រីនៅក្នុងសេតវិមាន ដោយបម្រើការជាអនុប្រធានាធិបតី ក្នុងអាណត្តិប្រធានាធិបតី លោក Joe Biden ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។