ក្នុងការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈ និងអគ្គិសនី ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយមកដល់ពេលនេះ ក្នុងមួយខែរដ្ឋត្រូវថយចំណូល៥០លានដុល្លារអាម៉េរិក តាមរយៈការបន្ថយអាករពិសេសលើពន្ធ។ បន្ថែមលើនេះ EDC ចេញថវិកា៣៥លានដុល្លារ ដើម្បីធានានូវថ្លៃអគ្គិសនីកុំឲ្យឡើងថ្លៃ។
នៅក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នាព្រឹកថ្ងៃទី១១ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទាក់ទងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលតែងតែគិតគូរជានិច្ច ដោយដាក់ចេញនូវវិធានការតាំងពីដំបូង ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានសុំគោលការណ៍ដើម្បីធ្វើឧបត្ថម្ភធនដោយស្ងៀមស្ងាត់ជំហានដំបូង បន្ទាប់មកចាប់ផ្តើមចុះអត្រាពន្ធប្រេងនាំចូល អាករពិសេសទៅលើអគ្គិសនី សម្ភារៈអគ្គិសនី គឺពន្ធចុះមកសូន្យនៅក្នុងដំណាក់កាលលំបាកនេះ។ បន្ថែមលើនេះ EDC ដើម្បីធានាថ្លៃអគ្គិសនីកុំឲ្យឡើង ដោយមកដល់ពេលនេះ បានចេញ៣៥លានដុល្លារ ដើម្បីធានាតម្លៃប្រេងក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកំពុងតែគិតនៅវិធានការមួយចំនួនដើម្បីជួយបន្ថែមទៀតទៅតាមលទ្ធភាព ទោះបីជារដ្ឋត្រូវថយ៥០លានដុល្លារក្នុងមួយខែក៏ដោយ ហើយរដ្ឋសុខចិត្តថយពន្ធ តែទុកថវិកាទៅឲ្យប្រជាពលរដ្ឋ។ ហើយនេះ គឺជាការយកចិត្តទុកដាក់ចក្ខុវិស័យក្នុងការដោះស្រាយនៅពេលដែលមិនមានភាពច្បាស់លាស់។ ស្ថានភាពមិនច្បាស់លាស់រដ្ឋាភិបាលនៅជាមួយប្រជាពលរដ្ឋ មិនមែននៅតែពេលដែលសប្បាយទេ ប៉ុន្តែពេលលំបាករដ្ឋាភិបាលនៅជាមួយប្រជាជន និងចាត់វិធានការទៅតាមលទ្ធភាពដែលអាចធ្វើបាន៕ អត្ថបទ៖ វង្ស សុភាព
