អ្នកនាំពាក្យរបស់លោក បាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ស្វាគមន៍ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលសម្របសម្រួលដោយប៉ាគីស្ថាន ដែលគ្រោងនឹងចាប់ផ្តើមនៅទីក្រុងអ៊ីស្លាម៉ាបាដនៅសៅរ៍នេះ។
អ្នកនាំពាក្យ Stephane Dujarric បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖«លោកអំពាវនាវឲ្យ ភាគីនានា ចាប់យកឱកាសការទូតនេះ ដើម្បីចូលរួមក្នុងសុច្ឆន្ទៈឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏យូរអង្វែង និងទូលំទូលាយ ដោយមានទស្សនៈកាត់បន្ថយភាពតានតឹង និងការទប់ស្កាត់ការវិលត្រឡប់ទៅរកអរិភាព»។
លោក Dujarric បាននិយាយថា៖«អគ្គលេខាធិការបញ្ជាក់ជាថ្មីថា គ្មានជម្រើសណាមួយដែលអាចទទួលយកបាន ក្រៅពីការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ»។
លោក Dujarric បានបន្ថែមថា លោក Jean Arnault បេសកជនផ្ទាល់ខ្លួនរបស់ប្រមុខUN ទទួលបន្ទុកបញ្ហាជម្លោះនៅមជ្ឈិមបូព៌ា និងផលវិបាករបស់វា នៅតែបន្តស្ថិតនៅក្នុងតំបន់នេះ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត៕