ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ភ្នំពេញ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខិតជិតចូលមកដល់ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បាន ក្រើនរម្លឹកដល់ពលរដ្ឋ ត្រូវរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនអង់ទីគ័រទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានក្រើនរម្លឹក ដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់ ដែលមានគម្លាតចាប់ពី៤ខែឡើង ត្រូវរួស រាន់ទៅចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ដើម្បីបង្កើនអង់ទីគ័រ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងចូលមកដល់ក្នុងរយៈពេល១០ថ្ងៃទៀត។ លោកជំទាវ ក៏បានអំពាវនាវផងដែរដល់ពលរដ្ឋ ឱ្យបន្តអនុវត្តវិធានសុខាភិបាល និងវិធានការ៣កុំ ៣ការពារ ទោះចាក់វ៉ាក់សាំងរួចក្តី។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បាន ដោយប្រើប្រាស់យុទ្ធ សាស្រ្តចម្បងចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុពី៣ឆ្នាំឡើង។ ក្រោយពេលគ្រប់គ្រងស្ថានការណ៍ ជំងឺបាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺសកលកូវីដ-១៩៕ អត្ថបទ៖ ទូច សោភ័ណ