សេវាជួយសង្គ្រោះការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បាននិយាយនៅថ្ងៃសៅរ៍នេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន បានសម្លាប់មនុស្ស ៧នាក់ នៅយប់ថ្ងៃសុក្រ ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយ ចាប់តាំងពីខែតុលា ឆ្នាំមុនក៏ដោយ។
លោក Mahmoud Bassal អ្នកនាំពាក្យរបស់ក្រុមនេះ ដែលដំណើរការក្រោមអំណាចរបស់ចលនាឥស្លាមហាម៉ាស បាននិយាយថា យានដ្រូនអ៊ីស្រាអែលមួយគ្រឿង បានបាញ់មីស៊ីលពីរគ្រាប់ នៅជិតប៉ុស្តិ៍នគរបាលមួយ នៅក្នុងជំរំជនភៀសខ្លួន Al-Bureij។
លោកបាននិយាយថា បន្ថែមពីលើអ្នកស្លាប់ទាំង៧នាក់ មានមនុស្សជាច្រើនទៀត បានរងរបួស ក្នុងនោះ ៤ នាក់ រងរបួសធ្ងន់ធ្ងរ។
មន្ទីរពេទ្យ Al-Aqsa នៅកណ្តាលតំបន់ហ្កាហ្សា បាននិយាយថា ខ្លួនបានទទួលសាកសពចំនួន ៦នាក់ និងអ្នករបួសចំនួន ៧នាក់ «ក្នុងនោះ ៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារតែផលប៉ះពាល់ដោយផ្ទាល់ទៅលើមុខ ដងខ្លួន និងផ្នែកផ្សេងទៀតនៃរាងកាយ»៕