នៅថ្ងៃចុងសប្តាហ៍នេះ ភៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាកម្សាន្តនៅតាមទីតាំងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលមានការតុបតែងលម្អយ៉ាងស្អាតតាមបែបប្រពៃណីជាតិ។
ក្នុងពេលដើរលេងកំសាន្តនៅរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ភ្ញៀវទេសចរ បានប្រាប់BTV នៅព្រឹកថ្ងៃទី១១ខែមេសានេះថា តាមការសង្កេតការតុបតែងលំអរនៅក្នុងរាជធានីភ្នំពេញ ជាពិសេសវត្តភ្នំ មានភាពស្រស់ស្អាត និងបែបប្រពៃណី ម្លោះហើយទើបនៅចុងសប្តាហ៍នេះ នាំគ្រួសារ និងមិត្រភក្តិមកដើរលេងនៅទីនេះ។ ភ្ញៀវទេសចរទាំងនោះបន្តថា នៅពេលខាងមុន នឹងចូលរួមក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលមានទស្សនីយភាពជាច្រើន និងជូនពរដល់វីរៈកងទ័ពនៅជួរមុខ មានសុខភាពល្អផងដែរ។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធនានា រៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ជាលើកដំបូង ក្នុងរយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ។ ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីជាច្រើនដូចជា៖ លេងល្បែងប្រជាប្រិយ របាំបុរាណ ប្រពៃណី យុទ្ធគុនចម្រុះខ្មែរបុរាណ ការប្រកួតអុកចត្រង្គ និងពិធីបែបសាសនាជាដើម។
បច្ចុប្បន្ននៅទីតាំងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» បានតុបតែងលំអរជិតរួចរាល់១០០ភាគរយ ពោលមានដូចជា៖ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារ Vattanac មកដល់ផ្សាររាត្រី បរិវេណវត្តបុទុមវត្តី បាសាក់លែន និងផ្សារទួលទំពូង៕ អត្ថបទ៖ ទូច សោភ័ណ








