រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto នឹងចាកចេញទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) អំឡុងពេលនៃដំណើរទស្សនកិច្ចនេះ។
លោករដ្ឋមន្ត្រី Sugiono បាននិយាយថា ដំណើរទស្សនកិច្ចនេះ នឹងពិភាក្សាអំពីសក្តានុពលសម្រាប់ឥណ្ឌូនេស៊ី ក្នុងការទិញប្រេងរបស់រុស្ស៊ី ជាប្រភពជំនួសមួយ ស្របពេលមានវិបត្តិផ្គត់ផ្គង់សកល ដោយសារតែ សង្គ្រាមអ៊ីរ៉ង់។
នៅពេលសួរអំពីដំណើរទស្សនកិច្ចដែលអាចធ្វើទៅបាននេះ វិមានក្រឹមឡាំងបាននិយាយថា ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ កំពុងត្រូវបានរៀបចំ៕