រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរុស្ស៊ីបានបំផ្លាញមជ្ឈមណ្ឌលគ្រប់គ្រងអាកាសចរណ៍ និងការពារដែនអាកាសរបស់អ៊ុយក្រែននៅក្នុងទីក្រុងគីវ។ ចំណតយន្តហោះ និងឃ្លាំងស្តុកប្រេងឥន្ធនៈត្រូវបានបំផ្លាញដោយសារការវាយប្រហារនៅអាកាសយានដ្ឋាន Balovne ក្នុងទីក្រុង Mykolaiv។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយក្នុងសន្និសីទសារព័ត៌មានថា មជ្ឈមណ្ឌលគ្រប់គ្រងអាកាសចរណ៍ និងការពារដែនអាកាសរបស់អ៊ុយក្រែននៅអាកាសយានដ្ឋាន Vassylkiv ក្នុងទីក្រុងគីវក៏ត្រូវបានបំផ្លាញ។ ឃ្លាំងស្តុកប្រេងឥន្ធនៈធំៗក្នុងក្រុង Mykolaiv, ក្រុង Slavuta, ក្រុង Rivne និងក្រុង Ternopil ត្រូវបានវាយប្រហារដោយការបាញ់ផ្លោង។ ឃ្លាំងទាំងនេះត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់កងទ័ពអ៊ុយក្រែនក្នុងតំបន់ Mykolaiv និង Donetsk។ អ្នកនាំពាក្យក្រសួងបាននិយាយថា កងទ័ពអាកាសយុទ្ធសាស្ត្ររបស់រុស្ស៊ីបានវាយប្រហារគោលដៅយោធាចំនួន ៤២កន្លែងនៅអ៊ុយក្រែន រួមទាំងប្រព័ន្ធមីស៊ីលចំនួនបី៕
អត្ថបទ៖ ប៊ុនថន