មេបញ្ជាការកងទ័ពជើងទឹកអេស្តូនី លោក Ivo Vark បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អេស្តូនីនឹងមិនឃាត់នាវារុស្ស៊ី នៅក្នុងសមុទ្របាល់ទិក ដោយសារតែការភ័យខ្លាចនៃការឆ្លើយតបដោយយោធាពីទីក្រុងមូស្គូទេ។
នៅពេលសួរអំពីចេតនារឹបអូសនាវាដឹកប្រេង និងនាវាផ្សេងទៀតដែលគេជឿថា ជាកម្មសិទ្ធិរបស់កងនាវាស្រមោល»របស់រុស្ស៊ី លោក Vark បានបញ្ជាក់ប្រាប់ទីភ្នាក់ងារនេះថា៖«ហានិភ័យនៃការកើនឡើងនៃភាពតានតឹងខាងយោធា គឺខ្ពស់ណាស់។ លោកបានបន្ថែមថា អេស្តូនីនឹងពិចារណាអន្តរាគមន៍ តែក្នុងករណីមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ឬការកំពប់ប្រេងប៉ុណ្ណោះ។
នាពេលមុននេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការអនុវត្តទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនដឹកជញ្ជូនរុស្ស៊ី និងការកំណត់គោលដៅលើនាវាដឹកជញ្ជូនអ៊ីដ្រូកាបូនរបស់រុស្ស៊ី ក៏ដូចជា «កងនាវាស្រមោល» របស់ទីក្រុងមូស្គូ គឺជាការរំលោភលើច្បាប់អន្តរជាតិ៕