ប្រទេសរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ (ទី១១ ខែមេសា) បានចោទដាក់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់រយៈពេលខ្លី នៅក្នុងម៉ោងសង្គ្រាមរយៈពេល ៤ឆ្នាំរបស់ភាគីទាំង២ ជាការផ្អាកការប្រយុទ្ធដែលបានប្រកាស ដើម្បីប្រារព្ធពិធីបុណ្យ Easter នៃសាសនាគ្រិស្តនិកាយអូថូដុក។

អភិបាលនៃតំបន់ព្រំដែនរុស្ស៊ីចំនួន ២ បាននិយាយថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារគោលដៅនៅក្នុងតំបន់ Kursk និង Belgorod ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៥នាក់ រងរបួស។ ចំណែកអគ្គសេនាធិការយោធាអ៊ុយក្រែន បានប្រាប់ថា កងកម្លាំងរុស្ស៊ីបានរំលោភលើលក្ខខណ្ឌនៃបទឈប់បាញ់រយៈពេល ៣២ម៉ោងនេះ យ៉ាងហោចណាស់ចំនួន ៤៦៩ដង ក្នុងនោះរួមមានទាំងសកម្មភាពវាយប្រហារ ការបាញ់ផ្លោង និងការវាយប្រហារដោយយានដ្រូនផងដែរ តែមិនមានការបញ្ជាក់ពីអ្នកស្លាប់ និងរបួស ឬការខូចខាតឡើយ។

គួរបញ្ជាក់ថា បទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី៩ ខែមេសា បានចូលជាធរមាននៅម៉ោង ៤រសៀល ម៉ោងនៅទីក្រុងមូស្គូ។ សមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelensky បានបញ្ជាក់ថា រូបលោកនឹងគោរពតាមវិធានការនេះ។
បទឈប់បាញ់នេះ ត្រូវបានដាក់ចេញ ខណៈដែលការចរចាដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីឈានដល់ដំណោះស្រាយ ត្រូវបានផ្អាក ក្នុងអំឡុងពេលមានសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។
យោងតាមប្រតិទិននៃសាសនាគ្រិស្តនិកាយអូថូដុក ដែលមានឥទ្ធិពលទាំងនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបង្ហាញថា បុណ្យ Easter ត្រូវបានប្រារព្ធនៅឆ្នាំនេះ នាថ្ងៃទី១២ ខែមេសា៕

