វាយកូនគោល៖ កីឡាករវាយកូនគោលអាមេរិក JJ Spaun បានក្លាយជាជើងឯកវាយកូនគោលនៅក្នុងក្របខណ្ឌ PAG Tour លើកដំបូងក្នុងអាជីពក្រោយឈ្នះពាន Valero Texas Open នៅសហរដ្ឋអាមេរិក។ កីឡាករវ័យ ៣១ឆ្នាំរូបនេះបានចាប់ផ្តើមថ្ងៃចុងក្រោយដោយស្មើពិន្ទុគ្នា ១០អាន់ឌើផា ជាមួយកីឡាករបួននាក់រួមមាន Brandt Snedeker, Baeu Hossler និងកីឡាករអាហ្វ្រិក Dylan Frittelli។

ឈានមកដល់ថ្ងៃចុងក្រោយ JJ Spaun ធ្វើបាន ៣អាន់ឌើផា និងបញ្ចប់ការប្រកួតទាំងស្រុង ១៣អាន់ឌើផា យកឈ្នះអ្នកលេខ ២ ចំនួនពីរនាក់ដែលធ្វើបាន ១១អាន់ឌើផាដូចគ្នារួមមានកីឡាករអាមេរិក Matt Kuchar និងកីឡាករអូស្ត្រាលី Matt Jones។ ជ័យជំនះនៅ Texas Open នេះដែរក៏បានធានាថា JJ Spaun មានឱកាសបង្ហាញខ្លួននៅកម្មវិធី Masters សប្តាហ៍នេះជាលើកដំបូងក្នុងអាជីពផងដែរ។ សូមបញ្ជាក់ថា JJ Spaun បច្ចុប្បន្នមានចំណាត់ថ្នាក់ពិភពលោកលេខ ២៤២ ឯណោះបានក្លាយជាកីឡាករទី៩ ដែលឈ្នះពាន PGA Tour លើកដំបូងក្នុងអាជីពនៅរដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ