តម្លៃប្រេងបានហក់ឡើងលើសពី១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅថ្ងៃចន្ទនេះ ខណៈកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានត្រៀមការបិទច្រកសមុទ្រ Hormuz ដែលអាចរឹតត្បិតការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បរាជ័យមិនបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាម។ ប្រេងឆៅ Brent បានកើនឡើង ៧,៦០ ដុល្លារអាមេរិក ឬ ៧,៩៨ ភាគរយ មានតម្លៃដល់១០២,៨០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ ០,៧៥ ភាគរយកាលពីថ្ងៃសុក្រ។

ប្រេង West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ ១០៤,៨៨ ដុល្លារអាមេរិកក្នុងមួយបារ៉ែល កើនឡើង ៨,៣១ ដុល្លារអាមេរិក ឬ៨,៦១ ភាគរយ បន្ទាប់ពីការធ្លាក់ចុះ ១,៣៣ ភាគរយនៅក្នុងវគ្គមុន។ លោក Saul Kavonic ប្រធានផ្នែកស្រាវជ្រាវថាមពល បាននិយាយថា «ទីផ្សារបច្ចុប្បន្ន ភាគច្រើនបានវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានបទឈប់បាញ់ លើកលែងតែពេលនេះសហរដ្ឋអាមេរិកនឹងរារាំងលំហូរប្រេងដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់រហូតដល់ ២ លានបារ៉ែលក្នុងមួយថ្ងៃតាមរយៈច្រកសមុទ្រ Hormuz »។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងចាប់ផ្តើមបិទច្រកសមុទ្រហ័រមូស ដែលបង្កើនហានិភ័យបន្ទាប់ពីការចរចារយៈពេលវែងជាមួយអ៊ីរ៉ង់បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម ដែលធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់រយៈពេលពីរសប្តាហ៍ដ៏ផុយស្រួយ។

លោកបាននិយាយបន្ថែមថា តម្លៃប្រេង និងសាំង អាចនៅតែខ្ពស់រហូតដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ជាការទទួលស្គាល់ដ៏កម្រមួយអំពីផលវិបាកនយោបាយដែលអាចកើតមានពីការសម្រេចចិត្តរបស់លោកក្នុងការវាយប្រហារលើអ៊ីរ៉ង់រយៈពេល៦សប្តាហ៍កន្លងទៅនេះ។