ភ្នំពេញ៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្ញើសារជូនជំពោះវីរយុទ្ធជនទាំងអស់សម្រាប់ «ការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនទាំងអស់សម្រាប់ជាតិមាតុភូមិ គឺជាការផ្តល់សន្តិភាព និងឱកាសរីករាយឆ្នាំថ្មីដល់យើងខ្ញុំទាំងអស់គ្នា!»
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងខ្ញុំជាសមរភូមិជួរក្រោយ សូមធ្វើការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនទាំងអស់ ដែលកំពុងបំពេញភារកិច្ចការពារមាតុភូមិ ថែមទាំងផ្តល់ឱ្យយើងខ្ញុំនូវស្នាមញញឹមពេញលេញក្នុងការជួបជុំគ្នាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
លោកជំទាវបណ្ឌិត មានប្រសាសន៍បញ្ជាក់ថា៖«ការលះបង់ដ៏ធំធេងរបស់អ្នកសម្រាប់ជាតិមាតុភូមិ គឺជាការផ្តល់សន្តិភាព និងឱកាសរីករាយឆ្នាំថ្មីដល់យើងខ្ញុំទាំងអស់គ្នា!»
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ យើងខ្ញុំសូមលើកហត្ថបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមមេត្តាតាមជួយថែរក្សា ការពារ និងប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល បវរមហាប្រសើរជូន វីរយុទ្ធជនជួរមុខគ្រប់ៗរូបដែលជាដង្ហើមនៃសន្តិភាព សូមឱ្យជួបតែសេចក្តីសុខសុភមង្គល មានសុខភាពល្អមាំមួន កាយពលខ្លាំងក្លា មានសុវត្ថិភាពពេញលេញ ចៀសចាកឆ្ងាយពីសត្រូវគ្រប់ទិសទី និងសូមជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

