នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban ដែលជាគូប្រជែងដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបដើម្បីជួយអ៊ុយក្រែនទប់ទល់ការឈ្លានពានរបស់រុស្ស៊ី បានបាត់បង់តំណែងបន្ទាប់ពី ១៦ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា ខណៈប្រជាជនហុងគ្រី បានបោះឆ្នោតយ៉ាងច្រើនសម្រាប់ដំណើរគាំទ្រសហភាពអឺរ៉ុបដែលឈានមុខដោយគូប្រជែងស្តាំនិយមកណ្តាល លោក Peter Magyar។

ដោយលទ្ធផលបង្ហាញពីជ័យជម្នះ លោក Magyar បាននិយាយថា «ដូចដែលយើងបានសន្យា ដូចដែលយើងសង្ឃឹមនៅថ្ងៃនេះ ប្រទេសហុងគ្រី និងប្រជាជនជាច្រើនលាននាក់ បានបង្កើតប្រវត្តិសាស្ត្រម្តងទៀត គឺ២៣ឆ្នាំយ៉ាងពិតប្រាកដគិតត្រឹមថ្ងៃនេះបន្ទាប់ពីមានការធ្វើប្រជាមតិស្តីពីការចូលរួមជាមួយសហភាពអឺរ៉ុបនៅក្នុងប្រទេសហុងគ្រី»។

លោក Magyar បាននិយាយថា លោក Orban បានទទួលស្គាល់ការបរាជ័យ ដោយគណបក្ស Tisza របស់លោកត្រូវបានគេព្យាករថានឹងទទួលជ័យជម្នះនៅក្នុងសភាដែលមាន១៩៩អាសនៈ ជាសំឡេងភាគច្រើនពីរភាគបី លើលទ្ធផលដោយផ្នែក។ លោក Magyar បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «នាយករដ្ឋមន្ត្រី លោក Viktor Orban ទើបតែទូរស័ព្ទអបអរសាទរយើងចំពោះជ័យជម្នះរបស់យើង»។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ត្រូវបានតាមដានយ៉ាងដិតដល់នៅទូទាំងសហភាពអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប បានសាទរចំពោះជ័យជម្នះដ៏លើសលប់ក្នុងការបោះឆ្នោតរបស់គណបក្សប្រឆាំង Tisza នៅប្រទេសហុងគ្រី ថាជាចំណាត់ការមួយរបស់ប្រទេស ឆ្ពោះទៅរកសហភាពអឺរ៉ុប។