មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសហរដ្ឋអាមេរិកម្នាក់ បានបង្ហាញពីបន្ទាត់ក្រហមដែលគណៈប្រតិភូអាមេរិក បានច្រានចោលមិនព្រមដកចេញក្នុងការចរចាជាមួយអ៊ីរ៉ង់។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ NHK កាលពីថ្ងៃអាទិត្យ មន្ត្រីរូបនេះបាននិយាយថា បន្ទាត់ក្រហមចំនួន ៦ របស់សហរដ្ឋអាមេរិកសម្រាប់អ៊ីរ៉ង់រួមមាន ការបញ្ចប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទាំងអស់ ការរុះរើរោងចក្រចម្រាញ់នុយក្លេអ៊ែរសំខាន់ៗទាំងអស់ និងការដកយកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច។

សហរដ្ឋអាមេរិក ក៏បានទាមទារឱ្យអ៊ីរ៉ង់ទទួលយកក្របខ័ណ្ឌសន្តិភាព សន្តិសុខ និងការបន្ធូរបន្ថយភាពតានតឹងកាន់តែទូលំទូលាយ ដែលរួមបញ្ចូលសម្ព័ន្ធមិត្តក្នុងតំបន់។

មន្ត្រីរូបនេះបាននិយាយថា បន្ទាត់ក្រហមមួយទៀតគឺការបញ្ចប់ការផ្តល់មូលនិធិដល់ក្រុមហាម៉ាសអ៊ីស្លាមនិយម ក្រុមមូស្លីមស៊ីអ៊ីតហេសបូឡា និងក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន។ សហរដ្ឋអាមេរិក ក៏បានអំពាវនាវឱ្យច្រកសមុទ្រ Hormuz ត្រូវបានបើកឱ្យដំណើរការពេញលេញ ដោយគ្មានការឲ្យបង់ប្រាក់សម្រាប់នាវាឆ្លងកាត់។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការចរចាកាលថ្ងៃអាទិត្យ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់អំពីបន្ទាត់ក្រហមរបស់ខ្លួន និងកន្លែងដែលខ្លួននឹងមិនសម្របខ្លួនជាមួយអ៊ីរ៉ង់។ លោកបាននិយាយថា អ្នកចរចាអ៊ីរ៉ង់ បានជ្រើសរើសមិនទទួលយកលក្ខខណ្ឌ។