នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំនាយនាវី នាយនាវីរង និងពលនាវិក ប្រារព្ធពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី វិបុលសុខ ជូននាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០នេះដែរឧត្តម នាវីឯក ទៀ សុខា ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំង៣ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះនាយនាវី នាយនាវីរង និងពលនាវិកនៃកងទ័ពជើងទឹកកម្ពុជាទាំងអស់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕








