សង្ក្រាន្តផ្សារទួលទំពូង បានចាប់ផ្ដើមពីរថ្ងៃមកហើយ បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិច្រើនកុះករឱ្យចូលរួមលេងកម្សាន្ត និងបានជំរុញកំណើនលក់ដូររបស់អាជីវករក្នុងផ្សារនេះផង។
ពីរថ្ងៃមកនេះ កម្មវិធីសង្ក្រាន្ត នៅបរិវេណផ្សារទួលទំពូង បានទាក់ទាញប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ចូលរួមលេងកម្សាន្តសប្បាយជាមួយនឹងការរៀបចំកម្មវិធីសប្បាយភាពផ្សេងៗ ក៏ដូចជាការចូលរួមលេងល្បែងប្រពៃណីជាតិខ្មែរជាដើម ។
ទន្ទឹមនឹងភាពអធិកអាធ័មនេះដែរ ការលក់ដូរម្ហូបអាហារ សម្ភារ សម្លៀកបំពាក់ ជាដើម ត្រូវទទួលបានការបញ្ជាទិញជាច្រើនពីសំណាក់ពលរដ្ឋ ដែលអញ្ជើញទៅកម្សាន្ត។
ក្រុមអាជីវកម្ម បង្ហាញទឹកចិត្តសប្បាយរីករាយជាខ្លាំង ដោយសារមានភ្ញៀវច្រើនជួយជាវ និងទិញម្ហូបអាហារញុំា ដែលវាជាផ្នែកជួយដល់សេដ្ឋកិច្ចជីវភាពរបស់ពួកគេមួយផ្នែកធំផងដែរ។
សូមបញ្ជាក់ថា សង្ក្រាន្តផ្សារទួលទំពូង គឺធ្វើឡើងរយៈពេល០៩ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ទើបបញ្ចប់។ ក្នុងនោះ បណ្តោយផ្លូវជុំវិញបរិវេណផ្សារទួលទំពូងទាំងមូល មានផ្លូវលេខ១៥៥ , ១៦៣ , ផ្លូវលេខ៤៤០ និង៤៥០ ត្រូវបានរៀបចំ តុបតែងលម្អ ដោយមានការចងកន្សែង ក្រមា និងទង់ជាតិខ្មែរ អមជាមួយការរៀបចំឆាកតន្ត្រី និងការតុបតែងបែបប្រពៃណីជាច្រើនទៀត ដើម្បីលម្អងបរិយាកាសឱ្យសមនឹងព្រឹត្តិការណ៍ ដែលកំពុងបង្ហាញពីទំនៀមទម្លាប់វប្បធម៌ជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦នេះ៕ អត្ថបទ៖ លីហេង/ ថតរូប៖ កុម្ភៈ














