នាយករដ្ឋមន្ត្រីលីបង់លោក Nawaf Salam បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា លោកកំពុងធ្វើការ ដើម្បីបញ្ឈប់សង្គ្រាមអ៊ីស្រាអែល-ក្រុមហេសបូឡា ទោះបីជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានប្រាប់កងទ័ពនៅភាគខាងត្បូងលីបង់ថា ការប្រយុទ្ធគ្នានៅទីនោះ មិនទាន់ចប់នៅឡើយទេ។

ក្រសួងសុខាភិបាល បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃអាទិត្យនៅភាគខាងត្បូង រួមទាំងគ្រូពេទ្យសង្គ្រោះបន្ទាន់ម្នាក់ បន្ទាប់ពី «សត្រូវអ៊ីស្រាអែល បានកំណត់គោលដៅដោយផ្ទាល់ទៅលើក្រុមរថយន្តសង្គ្រោះបន្ទាន់របស់កាកបាទក្រហមលីបង់»។

ចំណែកកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ UNIFIL បាននិយាយថា រថក្រោះអ៊ីស្រាអែលមួយគ្រឿង ត្រូវបានបើកបុករថយន្តរបស់ខ្លួនពីរដង «ក្នុងករណីមួយបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ»។
អ៊ីស្រាអែលនិយាយថា បទឈប់បាញ់បណ្តោះអាសន្នដ៏ផុយស្រួយនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដ៏ទូលំទូលាយមិនអនុវត្តចំពោះការប្រយុទ្ធរបស់ខ្លួនជាមួយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ទេ ហើយបានបន្តការវាយប្រហាររបស់ខ្លួន លើប្រទេសនេះ ខណៈដែលក្រុមសកម្មប្រយុទ្ធ បានវាយបកវិញ៕