នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានហៅអតុល្យភាពពាណិជ្ជកម្មរបស់ចិនជាមួយសហភាពអឺរ៉ុបថា «មិនបង្កើតឲ្យមានភាពរីកម្រើនទេ» នៅថ្ងៃចន្ទនេះ ខណៈដែលលោក បានចាប់ផ្តើមដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃ ទៅកាន់ទីក្រុងប៉េកាំង ជាទីដែលលោកសង្ឃឹមថា នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច។

ដំណើរទស្សនកិច្ចរបស់លោក Sanchez គឺជាលើកទី ៤ របស់លោកទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៤ ឆ្នាំ ខណៈដែលលោកកំពុងស្វែងរកការដាក់ប្រទេសអេស្ប៉ាញជាស្ពានរវាងទីក្រុងប៉េកាំង និងសហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២៧ ប្រទេស ដែលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បង្ហាញសញ្ញានៃភាពតានតឹង។

ពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) និងគោលនយោបាយការបរទេសដែលមិនអាចទាយទុកជាមុនបាន បានបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមមេដឹកនាំលោកខាងលិច ដែលភាគច្រើន រួមទាំងមកពីចក្រភពអង់គ្លេស កាណាដា និងអាល្លឺម៉ង់ បានប្រមូលផ្តុំគ្នាទៅកាន់ទីក្រុងប៉េកាំង ក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធ។
ទោះជាយ៉ាងណាក៏ដោយ លោក Sanchez បានសង្កត់ធ្ងន់នៅថ្ងៃចន្ទនេះថា ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្រទេសចិន «មិនមានតុល្យភាព» ដោយអំពាវនាវឲ្យទីក្រុងប៉េកាំងបើកទីផ្សាររបស់ខ្លួនចំពោះការនាំចូលរបស់អឺរ៉ុប៕