អ៊ុយក្រែន៖ ក្រសួងការពារអ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងត្រៀមវាយប្រហារជាថ្មីនៅតំបន់ភាគខាងកើត ដើម្បីចូលគ្រប់គ្រងទីក្រុង Kharkiv និងឡោមព័ទ្ធសមរភូមិជួរមុខភាគខាងកើតដ៏រឹងមាំរបស់ប្រទេសនេះ ខណៈមន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកបានព្រមានថា រុស្ស៊ីកំពុងបង្កើនការវាយប្រហាររុលទៅមុខរបស់ខ្លួនជាថ្មីនៅក្នុងភាគខាងត្បូង និងខាងកើតរបស់ប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksandr Motuzyanyk កាលពីថ្ងៃចន្ទបាននិយាយថា ប្រទេសរុស្ស៊ីកំពុងត្រួសត្រាយផ្លូវសម្រាប់ការវាយប្រហារលើទីក្រុង Severodonetsk តាមរយៈការវាយប្រហារលើទីក្រុង Rubizhne និងទីក្រុង Popasna ក្នុងតំបន់ Luhansk។ លោក Motuzyanyk បាននិយាយថា កងទ័ពរុស្ស៊ីកំពុងប្រមូលផ្ដុំកម្លាំងដើម្បីវាយដណ្ដើមទីក្រុងកំពង់ផែរងការឡោមព័ទ្ធ Mariupol ដែលត្រូវបានកងកម្លាំងរុស្ស៊ីហ៊ុមព័ទ្ធអស់រយៈពេលជាង ៤សប្ដាហ៍។
ទីក្រុង Severodonetsk និង Mariupol លាតសន្ធឹងនៅចុងភាគខាងជើង និងចុងភាគខាងត្បូងនៃខ្សែបន្ទាត់សម្រាប់ការទំនាក់ទំនងរបស់អ៊ុយក្រែន ជាខ្សែបន្ទាត់បទឈប់បាញ់ដែលកងកម្លាំងរបស់ខ្លួនបានបង្កើតឡើង ប្រឆាំងនឹងក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតរបស់អ៊ុយក្រែនចាប់តាំងពីឆ្នាំ២០១៥ មក៕
អត្ថបទ៖ សុខមាន