សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចូលរួមជាមួយប្រទេសហ្វីលីពីន សម្រាប់ការធ្វើសមយុទ្ធរួមលើកទីពីរនៅសមុទ្រចិនខាងត្បូងនៅឆ្នាំនេះ ក្នុងពេលមានភាពតានតឹងជាមួយប្រទេសចិនជុំវិញផ្លូវទឹកដែលមានជម្លោះ។

សមយុទ្ធរយៈពេលបួនថ្ងៃដែលបានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា បានប្រមូលផ្តុំនាវាចម្បាំង យន្តហោះចម្បាំង និងយន្តហោះឃ្លាំមើលនៅក្នុងប្រតិបត្តិការសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្រ នេះបើយោងតាមយោធាហ្វីលីពីនបាននិយាយនៅថ្ងៃចន្ទ ទី១៣ ខែមេសានេះ។
សមយុទ្ធនេះបានបញ្ជាក់ពី «កិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែស៊ីជម្រៅក្នុងចំណោមប្រទេសទាំងបី និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេចំពោះសន្តិសុខក្នុងតំបន់»។ ប្រទេសហ្វីលីពីន បានដាក់ពង្រាយយន្តហោះចម្បាំង FA-50របស់ខ្លួន ខណៈប្រទេសអូស្ត្រាលី បានចូលនាំមកចូលរួមដោយយន្តហោះ P-8A Poseidon និងសហរដ្ឋអាមេរិក មាននាវា USS Ashland ។

សមយុទ្ធនេះ បានធ្វើឡើងមុនពេលបើកសមយុទ្ធសង្គ្រាមទ្រង់ទ្រាយធំប្រចាំឆ្នាំនៅថ្ងៃទី២០ ខែមេសា ដែលមានឈ្មោះថា Balikatan ឬ «ស្មាទល់នឹងស្មា» រវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន ដែលជាលើកដំបូងនឹងរួមបញ្ចូលប្រទេសជប៉ុនជាអ្នកចូលរួមពេញលេញជាជាងជាអ្នកសង្កេតការណ៍ រួមជាមួយប្រទេសអូស្ត្រាលី។
ប្រទេសហ្វីលីពីន និងចិន បានចោទប្រកាន់គ្នាទៅវិញទៅមកលើឧប្បត្តិហេតុជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង រួមទាំងការប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះ ដែលទីក្រុងប៉េកាំង បានបញ្ចាំងភ្លើងហ្វាដាក់យន្តហោះរបស់ឆ្មាំល្បាតឆ្នេរហ្វីលីពីន។ ទីក្រុងប៉េកាំង តែងតែប្រឆាំងសកម្មភាពយោធារួមគ្នារបស់ទីក្រុងម៉ានីល ជាមួយដៃគូសម្ព័ន្ធមិត្តរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដោយនិយាយថាសមយុទ្ធបែបនេះបង្កើនភាពតានតឹងនៅក្នុងតំបន់។