កាលពីល្ងាចថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា អង្គការណាតូ (NATO) នឹងប្រឈមជាមួយ «ការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីបានបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះសម្ព័ន្ធមិត្តយោធាមួយនេះ ដែលមិនបានជួយគាំទ្រសហរដ្ឋអាមេរិក អំឡុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។
លោក Trump បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីមកដល់មូលដ្ឋានរួម Andrews ក្នុងរដ្ឋ Maryland ថា៖ «ខ្ញុំខកចិត្តយ៉ាងខ្លាំងចំពោះអង្គការណាតូ»។ លោកបានបន្ថែមថា៖ «ពួកគេមិនមានវត្តមាន ដើម្បីជួយគាំទ្រពួកយើងទេ។ យើងចំណាយប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ណាតូ តែពួកគេមិនមានវត្តមាន សម្រាប់ពួកយើងទេ»។

លោកបានសង្កត់ធ្ងន់ថា «ចាំអ្វីដែលខ្ញុំបាននិយាយទេ។ អង្គការណាតូមិនបានជួយពួកយើងឡើយ។ ឥឡូវនេះ ពួកគេចង់លេចមុខមក ដើម្បីមានការពាក់ព័ន្ធ ប៉ុន្តែការគំរាមកំហែងពិតប្រាកដលែងមានទៀតហើយ។ អង្គការណាតូ មិនបានជួយអ្វីពួកយើងទេ»។
ជាងនេះទៀត លោក Trump ក៏បានចោទសួរអំពីគោលបំណងទូលំទូលាយនៃសម្ព័ន្ធភាពនេះ ហើយបាននិយាយថា សហរដ្ឋអាមេរិក «បានចំណាយប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងអង្គការណាតូ ដើម្បីជួយការពារពួកគេ ហើយពិតណាស់ ទប់ទល់នឹងរុស្ស៊ី»។ លោកបានបន្ថែមថា «ខ្ញុំធ្លាប់គិតជាយូរមកហើយថា វាគឺជារឿងគួរឲ្យអស់សំណើចបន្តិច»។
ហើយជាចុងក្រោយ លោក Trump បានព្រមានថា តួនាទីរបស់សម្ព័ន្ធមិត្ត «នឹងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរ»៕
