កាលពីយប់ថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក Donald Trump បានរិះគន់ធ្ងន់ៗ ទៅលើសម្តេច ប៉ាប Leo XIV (ឡេអូ ទី១៤) ដោយហៅព្រះអង្គថា «មិនតឹង» ជាមួយឧក្រិដ្ឋកម្ម និង «មិនពូកែ» សម្រាប់គោលនយោបាយការបរទេស បន្ទាប់ពីប្រមុខសាសនាអង្គនេះ បានរិះគន់គោលនយោបាយការបរទេស និងអន្តោប្រវេសន៍របស់លោក Trump។
លោក Trump បានសរសេរនៅក្នុងអត្ថបទវែងមួយ នៅលើបណ្ដាញសង្គម Truth Social ថា៖ «សម្តេច ប៉ាប Leo មិនតឹងរ៉ឹងជាមួយឧក្រិដ្ឋកម្ម និងមិនពូកែខាងគោលនយោបាយការបរទេស»។
សម្តេច ប៉ាប Leo ដែលបានក្លាយជាសម្តេចសង្ឃកាតូលិកមានដើមកំណើតអាមេរិកដំបូងគេ ក្នុងឆ្នាំ២០២៥ បានលេចចេញជាអ្នករិះគន់ដ៏ខ្លាំងក្លា ចំពោះសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នៅមុននេះ ព្រះអង្គបានបង្ហាញមន្ទិលសង្ស័យ អំពីវិធីសាស្រ្តរបស់រដ្ឋបាលលោក Trump ចំពោះអន្តោប្រវេសន៍។
លោក Trump បានសរសេរនៅក្នុងអត្ថបទរបស់លោកថា «សម្ដេច Leo គួរតែរៀបចំព្រះសកម្មភាពរបស់ព្រះអង្គ ក្នុងនាមជាសម្តេច ប៉ាប» ហើយក្រោយមកបានប្រាប់អ្នកសារព័ត៌មានថា លោកមិនមែនជា «អ្នកគាំទ្រដ៏ងុបងល់» ចំពោះសម្តេច ប៉ាប នោះទេ។ លោក Trump ក៏បានចោទប្រកាន់សម្តេច ប៉ាប Leo ផងដែរថា ព្រះអង្គ «មិនមានភាពតឹងរ៉ឹងគ្រប់គ្រាន់ឡើយ ចំពោះបញ្ហាអាវុធនុយក្លេអ៊ែរ»។
សម្រាប់សម្តេច ប៉ាប ព្រះអង្គបានមានបន្ទូលថា ការគំរាមកំហែងដោយលោក Trump ក្នុងការបំផ្លាញអារ្យធម៌របស់អ៊ីរ៉ង់ គឺ «មិនអាចទទួលយកបាន» ឡើយ៕

